ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដឹកនាំអាហ្វ្រិកមួយចំនួនបានមកដល់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈគាត់ព្យាយាមស្វែងរកសម្ពន្ធមិត្ត ចំពេលមានការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ខណៈវិមានក្រឹមឡាំងបានចោទប្រកាន់មហាអំណាចលោកខាងលិចថាខំប្រឹង “យ៉ាងខឹងសម្បា” ដើម្បីដាក់សម្ពាធលើប្រមុខរដ្ឋអាហ្វ្រិកផ្សេងទៀតមិនឱ្យចូលរួម។

លោកពូទីនបានចាត់ទុកកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃដែលបើកនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងសេនភីតធឺស្បឺក (St. Petersburg) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងជួយពង្រឹងទំនាក់ទំនងជាមួយទ្វីបដែលមានប្រជាជនចំនួន ១,៣ ពាន់លាននាក់ ដែលកាន់តែមានសំឡេងខ្លាំងឡើងលើឆាកពិភពលោក។

លោកពូទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំងថា”សព្វថ្ងៃនេះទ្វីបអាហ្រ្វិកកំពុងអះអាងខ្លួនឯងកាន់តែមានទំនុកចិត្តថាជាប៉ូលមួយនៃពិភពពហុប៉ូលដែលកំពុងរីកចម្រើន។ វេទិកានេះនឹងផ្តល់នូវការជំរុញបន្ថែមទៀតដល់ភាពជាដៃគូផ្នែកនយោបាយនិងមនុស្សធម៌របស់យើងសម្រាប់រយៈពេលច្រើនឆ្នាំខាងមុខទៀត”។

កាលពីថ្ងៃពុធ លោកពូទីនបានជួបពិភាក្សាទល់មុខគ្នាជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ (Abiy Ahmed) ហើយបាននិយាយថា រុស្ស៊ីនឹងបង្កើនចំនួននិស្សិតអេត្យូពីបីដងឱ្យមករៀនដោយឥតគិតថ្លៃ។

រដ្ឋាភិបាលអេត្យូពីបានរងសម្ពាធពីសហរដ្ឋអាម៉េរិកនិងអង្គការកម្មវិធីស្បៀងអាហារពិភពលោក បន្ទាប់ពីពួកគេបានធ្វើការសម្រេចចិត្តជាវិសាមញ្ញក្នុងការផ្អាកជំនួយស្បៀងអាហារដល់ប្រទេសនេះកាលពីដើមឆ្នាំនេះ បន្ទាប់ពីការរកឃើញការលួចជំនួយដ៏ធំ។ ពួកគេព្យាយាមស្វែងរកកំណែទម្រង់ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលបោះបង់ចោលការគ្រប់គ្រងលើការចែកចាយជំនួយ។ ទន្ទឹមនឹងនេះ ក្រុមអ្នកឃ្លាំមើលនិយាយថា ភាពអត់ឃ្លានកំពុងកើនឡើងនៅក្នុងតំបន់ដូចជា តំបន់ថាយហ្គ្រេ (Tigray) ដែលកំពុងងើបឡើងវិញពីជម្លោះរយៈពេលពីរឆ្នាំ។

ក្រោយមកនៅថ្ងៃដដែល លោកពូទីនក៏បានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតា អែលស៊ីសស៊ី (Abdel Fattah el-Sissi) ដោយសាទរចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេដែលមានចំនួនប្រហែលមួយភាគបីនៃពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយទ្វីបអាហ្វ្រិក៕

លោកពូទីនចាប់ដៃនាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ នៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធ