ដោយៈ សុផល/ភ្នំពេញ៖ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសំដែងការគួរសម និងជម្រាបលាជាមួយ លោក Rho Hyunjun ដែលនឹងត្រូវបញ្ចប់បេសកកម្មការងារជា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា (KOICA Cambodia) រយៈពេល ៤ ឆ្នាំ នាខែកក្កដានេះ ។
នៅក្នុងជំនួបនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal នេះ លោក ឈៀង យ៉ាណារ៉ា ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Choi Moon Jung ដែលត្រូវបានតែងតាំង ជាប្រធាន KOICA Cambodia ថ្មី ។
លោករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូក្រោមការដឹកនាំរបស់ លោក Rho Hyunjunដោយបានចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សង្គម–សេដ្ឋកិច្ចកម្ពុជា តាមរយៈការបើកផ្តល់ហិរញ្ញប្បទានឥតសំណង តាមវិស័យជាបន្តបន្ទាប់ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសង្គម, និងវិស័យសេដ្ឋកិច្ច ។
នៅក្នុងអាណត្តិការងាររបស់លោកស្រី Choi Moon Jung, លោករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងភាពជាដៃគូ រវាងកម្ពុជា–កូរ៉េ នឹងកាន់តែរឹងមាំ និងពង្រីកបន្ថែមទៀត៕/V-PC