ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ មេប៉ូលិសជាតិថៃបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសនឹងស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត ជាមួយនឹងដីកាចាប់ខ្លួននៅពេលលោកវិលមកដល់ដីថៃនៅខែក្រោយហើយនឹងនាំគាត់ទៅកាន់តុលាការ។
នៅពេលមានសេចក្តីរាយការណ៍ថាថាក់ស៊ីនមានផែនការចូលមកថៃតាមអាកាសយានដ្ឋានដនមឿងនៅថ្ងៃ១០សីហា ឧត្តមសេនីយ៍ប៉ូលិស ដាំរ៉ុងសាក់ គិតទីប្រាផាស(Danrongsak Kittiprapas)បាននិយាយថាប៉ូលិសក្រុងនិងផ្នែកអន្តោប្រវេសន៍នឹងស្វាគមន៍គាត់នៅអាកាសយានដ្ឋាន ហើយបង្ហាញដីកាចាប់ខ្លួន។
ឧត្តមសេនីយ៍ដាំរ៉ុងសាក់ បាននិយាយថា បើថាក់ស៊ីនមកដល់តាមយន្តហោះឯកជន ប៉ូលិសនឹងទៅជូនគាត់នៅទីនោះនិងអាចនាំទៅកាន់ស្ថានីយប៉ូលិសដនមឿង កន្លែងដែលមានតម្កល់ឯកសារចាប់ខ្លួនគាត់ស្រាប់។«បើតុលាការបិទទ្វារ គាត់នឹងត្រូវនាំទៅកាន់កន្លែងពិសេសនៅក្នុងក្លឹបកីឡាប៉ូលិសថៃ។ប៉ូលិសបានត្រៀមទីតាំងសំរាប់ករណីនេះរួចរាល់ហើយ»។
«វានឹងជានីតិវិធីធម្មតាសំរាប់ទទួលមនុស្សដែលមានដីកាចាប់ខ្លួន។នឹងមិនមានការប្រព្រឹត្តពិសេសណាមួយសំរាប់នរណាម្នាក់ឡើយ»។
សូមបញ្ជាក់ថាលោកថាក់ស៊ីនបានចំណាយពេលរស់នៅដោយការនិរទេសខ្លួននៅក្រៅប្រទេសអស់ពេលប្រមាណ១៥ឆ្នាំចាប់តាំងពីលោកត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធាមួយនៅឆ្នាំ២០០៦។លោកប្រឈមការជាប់គុកសរុប១០ឆ្នាំចំពោះបណ្តឹងចំនួនបី។
វីសានុ គ្រីង៉ាម ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការយុត្តិធម៌បាននិយាយនៅថ្ងៃនេះថា «ថាក់ស៊ីនអាចសុំការលើកលែងទោសពីព្រះមហាក្សត្រក្នុងអំឡុងពេលជាប់គុកបាន២៤ម៉ោងតែបើការសុំលើកលែងទោសនោះមិនត្រូវបានអនុញ្ញាតក្នុងអំឡុងពេលនៅក្នុងគុកថ្ងៃដំបូងទេ សំណើនេះអាចធ្វើឡើងជាថ្មីនៅពីរឆ្នាំក្រោយ»។
លោកបន្តថាពេលមកដល់ថៃ អតីតនាយករដ្ឋមន្រ្តីរូបនេះនឹងត្រូវនាំទៅកាន់តុលាការជាមុនដើម្បីទទួលទោសចំពោះបទល្មើសចំនួនបី ដែលតំរូវអោយលោកជាប់គុកដប់ឆ្នាំ ។«ថាក់ស៊ីន នឹងត្រូវប្រព្រឹត្តដាក់ចុសពីអ្នកទោសទូទៅដោយសារអាយុជាង៦០ឆ្នាំរបស់គាត់។ អ្នកទោសមានជំងឺក៏មានអភ័យឯកសិទ្ធិខ្លះដែរ»៕
ឧបនាយករដ្ឋមន្ត្រីថៃបាននិយាយថា ថាក់ស៊ីននឹងត្រូវតែទៅដេកគុកសិន ចាំសុំការលើកលែងទោសជាក្រោយ និងប៉ូលិសត្រៀមខ្លួនរួចហើយ