ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលធ្វើនៅ ក្រុង Hangzhou បានធ្វើការចាប់ឆ្នោត បែងចែកពូលរួចហើយ កាលពីថ្ងៃទី២៧ កក្កដា ម្សិលមិញនេះ។

សម្រាប់វិញ្ញាសាបាល់ទះបុរស គឺមាន ១៩ ប្រទេសចូលរួម និងបែងចែក៦ពូល ក្នុងមួយ ពូល មាន៣ក្រុម លើកលែងតែពូល F ដែលមាន ៤ក្រុម ។ ចំណែកផ្នែកបាល់ទះនារីវិញ គឺមាន ១៣ ប្រទេសចូលរួម មាន៤ពូល ។ ចំពោះកីឡាអាស៊ី នឹងចាប់ផ្ដើមការប្រកួត ផ្លូវការ ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

សម្រាប់ក្រុមបាល់ទះបុរសកម្ពុជាវិញ នេះគឺជាលើកដំបូងហើយ​ដែលចូលរួមព្រឹត្តិការណ៍ កីឡាអាស៊ី ដែលរៀបចំឡើង រៀងរាល់ ៤ ឆ្នាំម្ដងនេះ ។ មុនឈានដល់ការប្រកួតកីឡា អាស៊ី នៅទីក្រុង Hangzhou ក្រុមមេដាយប្រាក់ស៊ីហ្គេម លើកទី៣២នេះ ក៏ត្រៀមធ្វើ ដំណើរទៅបោះជំរំហ្វឹកហាត់ នៅប្រទេសចិន ជាមួយអត្តពលិក ១១ ប្រភេទកីឡាផ្សេង ទៀត នាខែសីហាខាងមុខ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី លើកទី១៩ នេះ ក៏ដូចជា សម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៥។

សម្រាប់ពូល A មានប្រទេសចិន គៀជីគីស្ថាន និងកាហ្សាក់ស្ថាន ពូល B មាន អុីរ៉ង់ នេប៉ាល់ និង ព្រុយណេ ពូល C មានកូរេ៉ខាងត្បូង ឥណ្ឌា និងកម្ពុជា ពូល D មានចិនតៃប៉ិ ប៉ាគីស្ថាន និងម៉ុងហ្គោលី ពូល E មាន កាតា ថៃ និងហុងកុង ចំពោះពូល F ដែលមាន ៤ ក្រុមនោះ មានជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងអាហ្វហ្គានីស្ថាន៕/V/R