ដោយៈ ប.ខុន/ភ្នំពេញៈ នៅរាជធានីភ្នំពេញនិងខេត្តកណ្តាករហូតមកដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ គេនៅពុំទាន់ឃើញមានអ្នកដាក់ពាក្យសុំដេញថ្លៃគន្លងដាយត្រីសម្រាប់ ធ្វើ អាជីវ កម្មនៅឡើយទេ ឯនៅខេត្តព្រៃវែងមានអ្នកដាក់ពាក្យចំនួន៦នាក់ ហើយ មូលហេតុដែលនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលគ្មានអ្នកដាក់ពាក្យដេញថ្លៃគន្លងដាយត្រីសម្រាប់ ធ្វើអាជីវ កម្មនេសាទ គឺដោយសារស្ថានភាពទឹកទន្លេទាបពេក។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ថាគិតមកដល់ថ្ងៃទី២៨ខែកក្កដាទៅហើយ នៅ រាជធានីភ្នំពេញមិនមានអ្នកណាមកដាក់ពាក្យដេញថ្លៃគន្លងដាយត្រីសម្រាប់ធ្វើអាជីវកម្មនេសាទឆ្នាំ២០២៣-២០២៤និងឆ្នាំ២០២៤-២០២៥នៅឡើយទេ ។ ការដេញថ្លៃ គន្លង ដាយត្រី នៅភ្នំពេញតាមកម្មវិធីប្រព្រឹត្តទៅនៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៣។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ថា នៅខេត្តកណ្តា លរហូតមកដល់ ថ្ងៃ នេះ(២៨កក្កដា) ក៏អត់មានអ្នកដាក់ពាក្យដេញថ្លៃគន្លងដាយត្រីសម្រាប់ធ្វើអាជីវកម្មនេសាទឆ្នាំ២០២៣-២០២៤និងឆ្នាំ២០២៤-២០២៥ដែរ ។
តាមការសាកសួរអ្នកធ្លាប់ ធ្វើ អាជីវកម្មនេសាទបានប្រាប់ពីមូលហេតុដែលគេមិនបានដាក់ពាក្យដេញថ្លៃដោយសារស្ថានភាពទឹកទន្លេតូចពេក ការដេញថ្លៃនៅខេត្តកណ្តាលប្រព្រឹត្តទៅនៅថ្ងៃទី៩ខែសីហាឆ្នាំ ២០២៣។ នៅឯខេត្តព្រៃវែងឯនោះវិញលោកអូន ស៊ីណាតនាយខណ្ឌរដ្ឋបាលជលផលខេត្តនេះបានបញ្ជាក់ប្រាប់ឱ្យរស្មីកម្ពុជាដឹងថ្ងៃទី២៨ខែកក្កដាថាមានអ្នកដាក់ពាក្យបាន ចំនួន៦នាក់ ដើម្បីដេញថ្លៃងគន្លងដាយត្រីចំនួន២នៅក្នុងចំណោមគន្លងដាយត្រីនិងបង្កងចំនួន១៩ នៅក្នុងខេត្តព្រៃវែងដែលត្រូវប្រកាសដាក់ឱ្យដេញថ្លៃនៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ ២០២៣។ ស្ថានភាពទឹកបឹងទន្លេសាបបើយោងតាមព្រឹត្តប័ត្រព័ត៍មាននិងព្យាករណ៍កម្ពស់ទឹកទន្លេដោយក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣នៅបឹង ទន្លេសាប ស្ថានីយជលសាស្ត្រក្រគរ កំពង់លួងទឹកទើបឡើងបានកម្ពស់១,៧១ម៉ែត្រ គឺទាបជាងកម្រិតកម្ពស់ទឹកមធ្យមច្រើនឆ្នាំឆ្ងាយណាស់។ រំលឹកឱ្យដឹងថាកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៣ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខានិងនេសាទបានជូនដំណឹងស្តីពីការដេញថ្លៃដាយត្រី ដាយត្រីលេញ និង ដាយបង្កងសម្រាប់ឱ្យធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤និងឆ្នាំ២០២៤-២០២៥ ដែលមាននៅខេត្តព្រៃវែង ខេត្តកណ្តាលនិងរាជធានីភ្នំពេញថាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមដេញថ្លៃដាយត្រី នៅភ្នំពេញ ខេត្តកណ្តាល ដាយត្រីលេញនិងដាយបង្កង នៅខេត្តព្រៃវែងដោយត្រូវដាក់ពាក្យសុំដេញថ្លៃធ្វើអាជីវកម្មដាយត្រី ដាយត្រីលេញនិងដាយបង្កង យ៉ាងយឺតបំផុត១០ថ្ងៃមុនកាលបរិច្ឆេទដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាលនិងខណ្ឌរដ្ឋបាលជលរាជធានីភ្នំពេញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រាជធានីខេត្តនីមួយៗ។ ចំពោះមន្ត្រីរាជការមិនអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំដេញថ្លៃឡើយ ទន្ទឹមនេះរូបវន្តបុគ្គលឬនិតិបុគ្គលធ្លាប់ដែលដេញថ្លៃបាន ប៉ុន្តែមិនគោរពកិច្ចសន្យាជំពាក់ថ្លៃឈ្នួលគន្លងដាយឬបំណុលផ្សេងៗក៏មិនអនុញ្ញាតបានដែរ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាការដេញថ្លៃដាយត្រីលេញនិងដាយបង្កងនៅខេត្តព្រៃវែងប្រព្រឹត្តទៅនាវេលាព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៣ នៅរាជធានីភ្នំពេញប្រព្រឹត្តទៅនៅថ្ងៃទី៣ខែសីហា និង នៅខេត្តកណ្តាលប្រព្រឹត្តទៅនៅថ្ងៃទី៩ខែសីហា។ដាយត្រីលេញនិងដាយបង្កង ដែលត្រូវដាក់ឱ្យដេញថ្លៃនៅខេត្តព្រៃវែងមានចំនួន១៩ដាយក្នុងនេះមានដាយត្រីលេញចំនួន៦ ។ នៅខេត្តកណ្តាលដាយត្រីដែលត្រូវ ប្រកាសដាក់ឱ្យដេញថ្លៃមានចំនួន២១ និងនៅរាជធានីភ្នំពេញមានចំនួន១២គន្លងដាយ៕