ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក LE THANH HUNG ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមកៅស៊ូ វៀតណាម លោក TRUONG MINH TRUNG ជាអគ្គនាយករងសម្ព័ន្ធ និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ដឹកនាំការអភិវឌ្ឍន៍ សាជីវកម្ម ឧស្សាហកម្ម កៅស៊ូវៀតណាម នៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរសម្ភោធដាក់ឱ្យដំណើរការ ជាផ្លូវការ រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា ខេត្តកំពង់ធំ ស្ថិតឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងការសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ លោក ងួន រតនៈ បានថ្លែងថា រហូតមកដល់ពេលនេះ រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់ការសាងសង់ ជាស្ថាពរ តាមការកំណត់ ដែលបានគ្រោងទុក និងបានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ ផលិតកម្ម ដែលមានសមត្ថភាពផលិត ២ តោន ក្នុង១ម៉ោង ឱ្យដំណើរការ។ នេះជារោង ចក្រ កែច្នៃកៅស៊ូ ប្រកបដោយបច្ចេកវិទ្យាទំនើប ជាការកត់សម្គាល់នូវដំណើរការ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិកក្រុមហ៊ុន អ្នកម៉ៅការសំណង់ អ្នកផ្គត់ផ្គង់ ឧបករណ៍ សម្ភារៈ និងក្រុមហ៊ុនជាដៃគូមួយចំនួនទៀត បានចូលរួម ចំណែកក្នុងការបញ្ចប់ ការសាងសង់រោងចក្រជាស្ថាពរ។

លោក ងួន រតនៈ បានបន្តទៀតថាៈ ដើម្បីបំពេញតម្រូវការចាំបាច់ សម្រាប់ការកែច្នៃ ផលិតផលកៅស៊ូ និង លើកកំពស់តម្លៃទំនិញ បង្កើនការប្រកួតប្រជែង និងនាំមកនូវ ប្រសិទ្ធភាពក្នុងផលិតកម្ម និងអាជីវកម្ម។ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានយល់ ព្រមអនុញ្ញាតឱ្យវិនិយោគ លើគម្រោងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ។

លោក ងួន រតនៈ បានកោតសរសើរដល់ក្រុមហ៊ុន ដែលបានជួយកសាងហេដ្ឋារចនា សម្ព័ន្ធ ដែលជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ កាន់មានភាពល្អប្រសើរ។ ការដាក់ឲ្យ ដំណើរការជាផ្លូវការ រោងចក្រកែច្នៃកៅ ស៊ូជីប៉ា កំពង់ធំ នាពេលនេះ ពិតណាស់ នឹងក្លាយ ជាផ្នែកមួយបន្ថែមទៀត ក្នុងការជំរុញសេដ្ឋកិច្ច ជាពិសេសជីវភាពបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកសណ្តាន់ផ្ទាល់ ឲ្យកាន់តែរីកចម្រើន។ លោកសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់ក្រុមហ៊ុនវិនិយោគវៀតណាមទាំងអស់ សម្ព័ន្ធកៅស៊ូវៀតណាម និងសូមគាំទ្រ និងស្វាគមន៍វិនិយោគិនវៀតណាម បន្តអនុវត្តផែនការវិនិយោគ ក្នុងខេត្តកំពង់ធំ ឱ្យបានកាន់តែច្រើនថែមទៀត៕/V/r