ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឧត្តមសេនីយ៍នីហ្សេដ៏មានឥទ្ធិពលម្នាក់ដែលជាមេដឹកនាំរដ្ឋប្រហារ កាលពីថ្ងៃសុក្របានប្រកាសខ្លួនឯងថាជាមេដឹកនាំថ្មីនៃប្រទេសអាហ្វ្រិកដែលរងគ្រោះដោយក្រុមជីហាដមួយនេះ ហើយបានព្រមានថាការធ្វើអន្តរាគមន៍យោធាបរទេសណាមួយនឹងនាំឱ្យមានភាពវឹកវរ។
ឧត្តមសេនីយ៍ អាប់ឌូរ៉ាហាម៉ាណេ ធីឈីយ៉ានី (Abdourahamane Tchiani) ជាប្រធានអង្គរក្សប្រធានាធិបតីចាប់តាំងពីឆ្នាំ ២០១១ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ដោយនិយាយថា គាត់គឺជា “ប្រធានក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិ”។
ឧត្តមសេនីយ៍ វ័យ៥០ឆ្នាំប្លាយរូបនេះ ដែលពីមុនបានរក្សាជីវិតសាធារណៈស្ងាត់ស្ងៀម បានបញ្ជាក់ថារដ្ឋប្រហារថាជាការឆ្លើយតបទៅនឹង “ការរេចរិលនៃស្ថានភាពសន្តិសុខ” ដែលទាក់ទងនឹងការបង្ហូរឈាមរបស់ពួកជីហាដ។
លោកបានចោទជាមន្ទិលអំពី “ហេតុផលនិងវិសាលភាពនៃវិធីសាស្ត្រសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលមិនរាប់បញ្ចូលការសហការពិតប្រាកដណាមួយជាមួយបួគីណាហ្វាសូនិងម៉ាលី” ដែលជាប្រទេសជិតខាងប្រឈមនឹងការគំរាមកំហែងស្រដៀងគ្នា។
ប៉ុន្តែមេរដ្ឋប្រហារ ដែលបានប្រឈមមុខនឹងការថ្កោលទោសពីអន្តរជាតិចំពោះការដណ្តើមអំណាចពីប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ក៏បានព្រមានអំពី “ផលវិបាកដែលនឹងកើតចេញពីការអន្តរាគមន៍យោធាបរទេសណាមួយផងដែរ”។
នៅថ្ងៃទីបីចាប់តាំងពីប្រធានាធិបតី ម៉ូហាម៉េដ បាហ្សួម (Mohamed Bazoum) ត្រូវបានឃុំខ្លួន អតីតចៅហ្វាយនាយអាណានិគមគឺបារាំងបានទាមទារឱ្យស្តារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោត ដោយនិយាយថា ខ្លួនមិនទទួលស្គាល់មេរដ្ឋប្រហារឡើយ ហើយបានហៅលោកបាហ្សួមជា “ប្រធានាធិបតីតែមួយគត់”។
រដ្ឋប្រហារនេះបានជំរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយប្រធានាធិបតីកេនយ៉ា លោក វីលលៀម រូតូ (William Ruto) បានហៅការកាន់កាប់របស់កងទ័ពថាជា “វិបត្តិដ៏ធ្ងន់ធ្ងរ” សម្រាប់ទ្វីបអាហ្វ្រិក។
លោកបាននិយាយនៅក្នុងសារវីដេអូមួយថា “សេចក្តីប្រាថ្នារបស់ប្រជាជននីហ្សេសម្រាប់លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានបំផ្លាញដោយការផ្លាស់ប្តូររដ្ឋាភិបាលដែលមិនស្របតាមរដ្ឋធម្មនុញ្ញ”។
ប្រធានាធិបតីនីហ្សេរីយ៉ា លោក បូឡា ថាយនូប៊ូ (Bola Tinubu) បាននិយាយថា មេដឹកនាំអាហ្វ្រិកខាងលិចនឹងជួបប្រជុំនៅថ្ងៃអាទិត្យ នៅរដ្ឋធានីអាប៊ូចា (Abuja) ប្រទេសនីហ្សេរីយ៉ា ដើម្បីពិភាក្សាអំពីរដ្ឋប្រហារនេះ។
លោកថាយនូប៊ូ ដែលជាប្រធានសហគមន៍សេដ្ឋកិច្ចនៃប្លុកតំបន់រដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដែរនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ECOWAS និងសហគមន៍អន្តរជាតិនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារលទ្ធិប្រជាធិបតេយ្យនិងធានាឱ្យមានអភិបាលកិច្ចប្រជាធិបតេយ្យបន្តចាក់ឫសយ៉ាងរឹងមាំនៅក្នុងតំបន់”៕
ឧត្តមសេនីយ៍ អាប់ឌូរ៉ាហាម៉ាណេ ធីឈីយ៉ានី ប្រកាសខ្លួនឯងជាមេដឹកនាំថ្មីរបស់នីហ្សេ