មន្ត្រី​និង​ការិយាល័យ​បោះឆ្នោត​នៅ​ខេត្តបន្ទាយមានជ័យ​បានរៀបចំ​ស្រេច ហើយ​ដំណើរការ​បោះឆ្នោត​បានចាប់ផ្តើម​

1375
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​ទាំងអស់ នៅ​គោលដៅ​នានា នៃ​ឃុំ​ទាំង​៦៥ ស្រុក​ទាំង​៩ នៅ​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ស្រេចបាច់ ហើយ​ដំណើរការ​បោះឆ្នោត​បានចាប់ផ្តើម​ហើយ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ នេះ​។​

​លោក ហី គឹម​សេង ប្រធាន​គណ​:​ក​ម្មា​ធិ​ការរៀបចំ​ការបោះឆ្នោត​ខេ​ត្ត​បន្ទាយមានជ័យ ប្រាប់​ថ្ងៃទី​២៩​ខែកក្កដា​ថា ក្នុងការ​បោះឆ្នោត​សាកល​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ មាន​ការិយាល័យ​បោះឆ្នោត​សរុប ១.០៧០​ការិយាល័យ នៅ​ខេត្តបន្ទាយមានជ័យ​។ មន្ត្រី សម្ភារ​:​និង​មធ្យោបាយ​ផ្សេងៗ​ទៀត​រួច​ស្រេចបាច់ ហើយ​ដំណើរការ​បោះឆ្នោត​បានចាប់ផ្តើម​ដោយ​រលូន​។ ចំណែក​កម្លាំង​សន្តិសុខ ដែល​មកពី​កងកម្លាំងប្រដាប់អាវុធ អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​ក៏បាន​បញ្ជូន​ទៅតាម​គោលដៅ​ទាំង​នៅ​ការិយាល័យ​បោះឆ្នោត និង​តាម​កន្លែង​ផ្សេងទៀត​។

​ប្រភព​បន្តថា ចំពោះ​អ្នកបោះឆ្នោត​ដែល​ធ្វើ​បច្ចុប្បន្នភាព​រួច​នៅ​ខេត្ត​នេះ មាន​ចំនួន ៣៥៥.៦៦៧​នាក់​។ មាន​ភ្នាក់ងារ​គណបក្សនយោបាយ​សង្កេតការណ៍ ចំនួន​៣.២០៨ នាក់​/​ស្រី ៧១៣​នាក់​។ ហើយ មាន​គណបក្ស​១៣ ចូលរួម​បោះឆ្នោត​។ ប៉ុន្តែ​កាលពី​ដង្ហែ​ឃោសនា និង​មាន​ភ្នាក់ងារ​សង្កេតការណ៍​ជាតិ​មកពី​១៣ អង្គការ សមាគម​សរុប​ចំនួន​១.៤៤០​នាក់ ។

​ជាការ​សង្កេត តាំងពី​មុនពេល​ការិយាល័យ​បោះឆ្នោត​បាន​បើក គេ​ឃើញ​អ្នកបោះឆ្នោត​បាននាំគ្នា​មក​តម្រង់​ជួរ​យ៉ាង​វែង​រង់ចាំ ហើយ​គ្រាន់តែ​ការិយាល័យ​បោះឆ្នោត​បាន​បើក​ភ្លាម អ្នកបោះឆ្នោត​បាន​សម្រុក​ចូល​យ៉ាង​ប្រញាប់​ដើម្បី​បោះឆ្នោត​តាម​សិទ្ធិ​និង​កត​ព្វ​កិច្ច​របស់ខ្លួន​។​

​ក្នុងនោះ គេ​ក៏​ឃើញ​អ្នកបោះឆ្នោត​ដូចគ្នា មន្ត្រី​ការិយាល័យ​បោះឆ្នោត​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត បាន​សម្រួល​ដល់​អ្ម​ក​បោះឆ្នោត​ដែលជា​មនុស្ស​ណិ​ការ ចាស់ជរា អ្នកមាន​ជំងឺ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច​បំបៅ​ដោះ​…​ឲ្យ​ចូល​បោះឆ្នោត​មុន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម