ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុម​មេដឹកនាំ​យោធា​នៃ​ប្រទេស​នី​ហ្សេ​បានព្រមាន​ប្រឆាំងនឹង​អន្តរាគមន៍​យោធា​ណាមួយ​នៅក្នុង​ប្រទេស​នេះ នៅ​ពេល​ពួក​មេដឹកនាំ​អាហ្វ្រិក​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅក្នុង​រដ្ឋធានី​របស់​នី​ហ្សេ​រី​យ៉ា នា​ថ្ងៃអាទិត្យ​នេះ​សំរាប់​ជំនួប​កំពូល​គ្រាអាសន្ន​មួយ​ដើម្បី​សំរេច​ចំណាត់​វិធានការ​បន្ទាប់ត្រូវប្រកាន់យក​​ដើម្បី​ដាក់​សម្ពាធ​លើ​កង​ទ័ព​នី​ហ្សេ​អោយ​ស្តារ​សណ្តាប់ធ្នាប់​តាម​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។​

​ប្រមុខរដ្ឋ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​រដ្ឋ​អាហ្វ្រិក​ខាងលិច​(ECOWAS)​ដែល​មាន​សមាជិក​១៥​ប្រទេស រួម​ជាមួយ​អង្គការ​«​សហភាព​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​អាហ្វ្រិក​ខាងលិច​»​ដែល​មាន​សមា​ជិក​ប្រាំបីប្រ​ទេស អាច​ព្យួរ​សមាជិកភាព​របស់​នី​ហ្សេ​ចេញពី​ស្ថាប័ន​របស់​គេ កាត់ផ្តាច់​ប្រទេស​នេះ​ចេញពី​ធនាគារ​កណ្តាល​និង​ទីផ្សារ​ហិរញ្ញវត្ថុ​តំបន់ ព្រម​ទាំង​បិទ​ព្រំដែន​ថែមទៀត​។​

​ប្រទេស​ឆាត ដែល​នៅ​ជាប់​ព្រំដែន​ខាងកើត​របស់​នី​ហ្សេនិងមិន​ជា​សមាជិក​របស់​ស្ថាប័ន​ទាំង​ពីរ​ តែ​ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​ជំនួប​កំពូល ECOWAS ។​

​នី​ហ្សេ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅក្នុង​លោក កន្លងមកបាន​ទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ចំនួន​ជិត​២​ពាន់​លាន នេះ​បើ​តាម​ធនាគារពិភពលោក​។​ប្រទេស​នេះ​ក៏​ជា​ដៃគូ​សន្តិសុខ​របស់​អតីត​មហា​អំណាច​អាណានិគម​ន​បារាំង និង​អាម៉េរិក ដោយ​ប្រទេស​លោកខាងលិច​ទាំង​ពីរនេះ​ប្រើ​ប្រទេស​នី​ហ្សេ​ជា​មូលដ្ឋាន​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការបះបោរ​អ៊ីស្លាម​នៅ​តំបន់​សា​ហែល​នៅអាហ្វ្រិក​ខាងលិច​និង​ខាងកើត​។​

​ក្រុម​មេដឹកនាំ​អាហ្វ្រិក​ខាងលិច​ក៏​អាច​ពិចារណា​ជា​លើកដំបូង អំពី​អន្តរាគមន៍​យោធា​មួយ​ដើម្បី​នាំ​ប្រធានាធិបតី ម៉ូ​ហា​ម៉េដ បា​ហ្សួ​ម ( Mohamed Bazoum)​មក​កាន់​អំណាច​វិញ​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ហើយ​ឧត្តមសេនីយ៍​អាប់ឌូ​រ៉ា​ម៉ាន់ ជិន​នី ( Abdourahamane Tiani )​បានប្រកាស​ខ្លួនឯង​ជា​ប្រមុខរដ្ឋ​ថ្មី​កាលពី​ថ្ងៃ​សុក្រ​។​

​នៅ​មុន​ជំនួប​កំពូល​ ពួក​មេដឹកនាំ​យោធា​នី​ហ្សេ​កាលពី​យប់​ថ្ងៃ​សៅរ៍ បាន​ព្រមាន​តាម​បញ្ចក់​ទូរទស្សន៍​កុំអោយ​មាន​អន្តរាគម​ន៍​យោធា​ណាមួយ​។​

​អ្នកនាំពាក្យ​របប​យោធា បាន​និយាយថា​«​កម្មវត្ថុ​នៃ​កិច្ចប្រជុំ​ECOWAS​គឺ​អនុម័ត​ផែនការ​ឈ្លានពាន​មួយ​ប្រឆាំងនីហ្សតាមរយៈ​អន្តរាគមន៍​យោធា​ក្នុងពេល​ឆាប់ៗ​មួយ​ដោយ​សហការ​ជា​មួយ​ប្រទេស​អាហ្វ្រិក​ដទៃទៀត​ដែល​មិន​ជា​សមាជិក​ECOWAS ព្រមទាំង​ប្រទេស​លោកខាងលិច​មួយចំនួន​»​។​

«​យើង​សូម​រំលឹក​ECOWAS​ឬ​អ្នក​ផ្សងព្រេង​ផ្សេង​ណាមួយ អំពី​ការតាំង​ចិត្ត​ការពារ​មាតុភូមិ​របស់​យើង​»​។​

​របប​យោធា​នី​ហ្សេ​កាលពី​យប់​ថ្ងៃ​សៅរ៍​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ទី​ពីរ ដោយ​អំពាវនាវ​ប្រជាជន​ក្នុង​រដ្ឋធានី​នី​ម៉ាញ៉េ ចេញ​មក​តាម​ដង​វិថី​ចាប់ពី​ម៉ោង​៧​ព្រឹក​ថ្ងៃអាទិត្យ​ដើម្បី​ប្រឆាំង​នឹងECOWAS​ហើយ​គាំទ្រ​ក្រុម​មេដឹកនាំ​យោធា​ថ្មី​។​

​សហភាព​អឺរ៉ុប​និង​បារាំង បាន​កាត់ផ្តាច់​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​នី​ហ្សេ ហើយ​អាម៉េរិក​បាន​គំរាម​ធ្វើ​ដូចគ្នា​៕

​ឧត្តមសេនីយ៍​អាប់ឌូ​រ៉ា​ម៉ាន់ ជិន​នី (​កណ្តាល​ខាងស្តាំ​) ដឹកនាំ​ធ្វើ​រដ្ឋប្រហារ ប្រកាស​ខ្លួនឯង​ជា​ប្រមុខរដ្ឋ​ថ្មី​របស់​នី​ហ្សេ និង​ព្រមាន​អន្តរាគមន៍​ពី​ខាងក្រៅ​