​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ជនជាតិ​ចិន​ពីរ​នាក់​ដែល​ព្យាយាម​បើករថយន្ត ឆ្លងកាត់​ខ្សែទឹក កំពុង​ហូរ​ខ្លាំង លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​អូរ​គគី ស្ថិតក្នុង​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ហើយ​ជាប់ផុង​ទៅមុខ​មិន​រួច​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជួយសង្គ្រោះ​ឱ្យ​ផុតពី​គ្រោះថ្នាក់ ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ ។​

​សមត្ថកិច្ច បានឱ្យដឹងថា ជនជាតិ​ចិន​ទាំងពីរ​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត មួយគ្រឿង ក្នុងទិសដៅ​ពី​ទិស​ខាង​លិចទៅ​ខាងកើត មកដល់​ចំណុចកើតហេតុ​បាន​ព្យាយាម​បើក ឆ្លង​កំណាត់​ផ្លូវ​ដែលមាន​ទឹក​ហូរ​កាត់​ខ្លាំង បណ្តាលឱ្យ​រថយន្ត រលត់​ជាប់ផុង នៅក្នុង​ខ្សែទឹក ដែល​ងាយ​រងគ្រោះថ្នាក់ ដល់​អាយុជីវិត​។​

​ដោយ​ពិនិត្យឃើញ​ស្ថានភាព​ដូច្នេះ កម្លាំង​សមត្ថកិច្ច ដែល​ប្រចាំការ​ត្រួតពិនិត្យ និង​សម្រួល​ចរាចរណ៍ បាន​បើក​ប្រតិបត្តិការ ជួយសង្គ្រោះ​ភ្លាមៗ ដើម្បី​សង្គ្រោះ​មនុស្ស ដែល​ជាប់គាំង នៅក្នុង​រថយន្ត​នោះ​។ ដោយ​ខ្សែទឹក​ហូរ​ខ្លាំង ធ្វើឱ្យ​សមត្ថកិច្ច​ពិបាក ក្នុង​ការចូល​ទៅយក​ម​នុស្ស តែ​ទោះ​យ៉ាងណាក្តី ក្នុង​ប្រតិបត្តិការ​នោះ ទទួលបាន​ជោគជ័យ ដោយ​សង្គ្រោះបាន​ទាំង​មនុស្ស និង​រថយន្ត ចេញពី​ខ្សែទឹក​ជំនន់​។​

​សូមបញ្ជាក់ថា នៅ​ចំណុចកើតហេតុ ទឹកបាន​ហក់​ឡើង​ខ្លាំង ខណៈដែល​ភ្លៀង នៅតែ​បន្ត​ធ្លាក់​ជាប់ៗ​គ្នា ផ្លូវ​បាន​រង​ការខូចខាត ចរាចរណ៍​នៃ​រថយន្ត​ធំ ត្រូវបាន​កាត់ផ្តាច់ ទាំងស្រុង​៕/V​