ដោយ: បូកគោ / កំពត: នៅឆ្នាំ២០៣០ កម្ពុជា នឹងជំរុញអត្រាធានារ៉ាប់រង ឱ្យកើនដល់ ៥,៥ ភាគរយ នៃសេដ្ឋកិច្ចជាតិទាំងមូល។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំ នៃនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងទិវាធានារ៉ាប់រងជាតិកម្ពុជា ដែលបានធ្វើឡើង នៅបរិវេណពហុកីឡដ្ឋាន ខេត្តកំពត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ បានមានប្រសាសន៍ថាៈ វិស័យធានា រ៉ាប់រងកម្ពុជា មានសន្ទុះរីកចម្រើន គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជិត ២ ទសវត្សរ៍ កន្លងមកនេះ។ ជាក់ស្តែង ទីផ្សារធានារ៉ាប់រងគ្រប់ប្រភេទនៅកម្ពុជា នាពេលបច្ចុប្បន្ន មានគ្រឹះស្ថានចំនួន ៩៧ ។
លោករដ្ឋលេខាធិការ បានបន្តថាៈ ជាមួយនឹងកំណើនគ្រឹះស្ថាននេះ បានធ្វើឲ្យទំហំទីផ្សារ ធានារ៉ាប់រង កើនឡើងប្រមាណ ៣៣២ លានដុល្លារ កាលពីឆ្នាំ២០២២ ដែលជាការរួម ចំណែកដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា នូវអត្រាប្រមាណ ១,១៧ ភាគរយ នៃផលិត ផលក្នុងស្រុកសរុប។ អត្រានេះ ស្ថិតក្នុងកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តា ប្រទេសនានា។
ជាមួយគ្នានេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថាៈ ផ្អែកតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និយ័តករធានារ៉ាប់រងកម្ពុជា មានផែនការជំរុញ អត្រាធានារ៉ាប់រង ឲ្យកើនដល់ ៥,៥ ភាគរយ នៃសេដ្ឋកិច្ចជាតិ៕ V / N