ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមេដឹកនាំអាហ្វ្រិកកាលពីថ្ងៃអាទិត្យបានផ្តល់ពេលដល់របបយោធានៅនីហ្សេមួយសប្តាហ៍ដើម្បីបោះបង់ចោលអំណាច ឬមិនអ៊ីចឹងទេប្រឈមមុខនឹងការប្រើប្រាស់កម្លាំង ហើយបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើពួកមេរដ្ឋប្រហារ បន្ទាប់ពីរដ្ឋប្រហារចុងក្រោយនៅក្នុងតំបន់សាហ៊ែល (Sahel) ។
នៅក្នុងរដ្ឋប្រហារលើកទីបីក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដែលទម្លាក់មេដឹកនាំនៅតំបន់សាហ៊ែល ប្រធានាធិបតីជាប់ឆ្នោតរបស់នីហ្សេនិងជាសម្ពន្ធមិត្តលោកខាងលិចគឺលោក ម៉ូហាម៉េដ បាហ្សួម (Mohamed Bazoum) ត្រូវបានយោធាចាប់ខ្លួនតាំងពីថ្ងៃពុធ។
ឧត្តមសេនីយ៍ អាប់ឌូរ៉ាម៉ាន់ ជិននី (Abdourahamane Tiani) ដែលជាប្រធានកងអង្គរក្សប្រធានាធិបតីដ៏មានឥទ្ធិពល បានប្រកាសខ្លួនឯងជាមេដឹកនាំ។
លោកបាហ្សួមគឺជាប្រធានាធិបតីម្នាក់ក្នុងចំណោមក្រុមប្រធានាធិបតីជាប់ឆ្នោតនិងមេដឹកនាំនិយមលោកខាងលិចនៅក្នុងតំបន់សាហ៊ែល ដែលចាប់តាំងពីឆ្នាំ ២០២០ ការបះបោររបស់ពួកជីហាដបានបង្កឱ្យមានរដ្ឋប្រហារនៅក្នុងប្រទេសម៉ាលីនិងបួគីណាហ្វាសូ។
អតីតអាណានិគមបារាំងមួយនេះនិងសហភាពអឺរ៉ុបបានផ្អាកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងជំនួយហិរញ្ញវត្ថុដល់ប្រទេសនី បន្ទាប់ពីរដ្ឋប្រហារ ខណៈសហរដ្ឋអាម៉េរិកបានព្រមានថាជំនួយរបស់ខ្លួនក៏អាចមានបញ្ហាផងដែរ។
នៅក្នុងកិច្ចប្រជុំបន្ទាន់មួយក្នុងប្រទេសនីហ្សេរីយ៉ា ប្លុកក្នុងតំបន់ហៅថា សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានទាមទារឱ្យប្រគល់តំណែងដល់លោកបាហ្សួមវិញក្នុងរយៈពេលមួយសប្តាហ៍។
បើមិនដូច្នេះទេ ប្លុកនេះនិយាយថា ខ្លួននឹងចាត់វិធានការទាំងអស់ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញ។
ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធានការបែបនេះអាចរួមបញ្ចូលការប្រើប្រាស់កម្លាំងចាប់បង្ខំអនុវត្ត” ដោយបន្ថែមថា ប្រមុខការពារជាតិរបស់ប្លុក ECOWAS នឹងជួបគ្នានៅថ្ងៃអាទិត្យ។
លោក បូឡា ថាយនូប៊ូ (Bola Tinubu) ជាប្រធានាធិបតីនីហ្សេរីយ៉ា និងជាប្រធាន ECOWAS បាននិយាយថា “គ្មានពេលទៀតទេសម្រាប់យើងដើម្បីបញ្ជូនសញ្ញាព្រមាន…វាជាពេលសម្រាប់សកម្មភាព”។
ភ្លាមៗគេមិនទាន់ដឹងច្បាស់ថាតើ ECOWAS ដែលមានសមាជិក ១៥ ប្រទេស អាចប្រើកម្លាំងបានយ៉ាងដូចម្តេចទេ។ កាលពីឆ្នាំមុន ប្លុកនេះបានយល់ព្រមបង្កើតកងកម្លាំងសន្តិសុខក្នុងតំបន់ដើម្បីធ្វើអន្តរាគមន៍ប្រឆាំងនឹងក្រុមជីហាដនិងទប់ស្កាត់ការធ្វើរដ្ឋប្រហារយោធា ប៉ុន្តែព័ត៌មានលម្អិតអំពីកងកម្លាំងនិងមូលនិធិរបស់ខ្លួនមិនត្រូវបានគូសបញ្ជាក់នោះទេ។
ប្លុកនេះក៏បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមេដឹកនាំរបបយោធានិងលើប្រទេសផងដែរ ដោយបង្កក “រាល់ប្រតិបត្តិការពាណិជ្ជកម្មនិងហិរញ្ញវត្ថុ” រវាងរដ្ឋជាសមាជិក និងនីហ្សេ ដែលជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក ដែលជារឿយៗជាប់ចំណាត់ថ្នាក់ចុងក្រោយគេនៅលើសន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិ។
នាយករដ្ឋមន្ត្រីនីហ្សេ លោក អ៊ូហ៊ូមូឌូ ម៉ាហាម៉ាឌូ (Ouhoumoudou Mahamadou) បានប្រាប់ទូរទស្សន៍ France24 កាលពីថ្ងៃអាទិត្យថា ទណ្ឌកម្មនេះ “នឹងក្លាយជាមហន្តរាយ” ទាំងខាងសេដ្ឋកិច្ចនិងសង្គម៕
បាតុករនីហ្សេចេញមកតាមដងផ្លូវមុន ព្យាយាមសម្រុកចូលស្ថានទូតបារាំងតែត្រូវបានបំបែកជាមួយឧស្ម័នបង្ហូរទឹកភ្នែក