​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ AH-1Z Viper ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ចំនួន​ពីរ​គ្រឿង​ដំបូង​គេ​សម្រាប់​សាធារណរដ្ឋ​ឆែក​ត្រូវបាន​បញ្ជូន​ទៅ​ដល់​ប្រទេស​នេះហើយ​។ ការមកដល់​របស់​ពួក​វា​កើត​ឡើង​ខណៈដែល​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Mi-24/Mi-35 សម័យ​សូ​វៀត​ចាស់​របស់​សាធារណរដ្ឋ​ឆែក​គ្រោង​នឹង​ចូលនិវត្តន៍​ពី​សេវាកម្ម​នៅ​ខែ​កញ្ញា ដោយ​ឧទ្ធម្ភាចក្រ​បែប​នេះ​ចំនួន​បួន​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​រួចហើយ ហើយ​នឹង​បញ្ជូន​ទៅ​ច្រើន​គ្រឿង​ទៀត​។​

​ការដឹកជញ្ជូន​ឧទ្ធម្ភាគចក្រ AH-1Z ក៏​កើតឡើង​ផង​ដែរ​ចំពេល​មាន​ការចាប់អារម្មណ៍​ខ្លាំង​ឡើង​លើ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ទំនើប​ក្នុងចំណោម​សមាជិក​អឺរ៉ុប​ខាងកើត​របស់​អង្គការ​ណា​តូ​ក្នុង​ការឆ្លើយតប​ទៅនឹង​ជម្លោះ​នៅ​អ៊ុ​យក្រែន ខណៈ​មាន​លទ្ធភាព​នៃ​ការបញ្ជូន​ឧទ្ធម្ភាគចក្រ​ស៊េរី H-1 បន្ថែម​ទៀត​ទៅ​កាន់​តំបន់​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​

​យោង​តាម​ក្រសួង​ការពារជាតិ​របស់​សាធារណរដ្ឋ​ឆែក មូលដ្ឋានទ័ព​ឧទ្ធម្ភាគចក្រ​ទី ២២ ដែល​មាន​ទីតាំង​នៅ​តំបន់​ណា​មី​ស ណាត អូ​ស្លា​វ៉ូ​( Náměšť nad Oslavou )​ភាគ​អាគ្នេយ៍​ប្រទេស បានទទួល​ឧទ្ធម្ភាគចក្រ​ទាំង​ពីរ​កា​លពី​ថ្ងៃទី ២៦ ខែកក្កដា​។​

​នៅ​ពាក់កណ្តាល​ខែ​កញ្ញា មូលដ្ឋាន​នេះ​នឹង​ទទួលបាន​ឧទ្ធម្ភាគចក្រ Viper ពីរ​គ្រឿង​បន្ថែម​ទៀត ហើយ​ឧទ្ធម្ភាគចក្រ UH-1Y Venom ពីរ​គ្រឿង​ដំបូង​ក៏​ត្រូវបាន​បញ្ជូន​ដោយ​សហរដ្ឋ​អាម៉េរិក​ផងដែរ​។ សរុបមក កងកម្លាំង​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​ឆែក​នឹង​ទទួលបាន​ឧទ្ធម្ភាគចក្រ​ស៊េរី H-1 ចំនួន ២០ គ្រឿង ដែល ១០ គ្រឿង​ជា​ម៉ូ​ដែល AH-1Z និង ១០ គ្រឿង​ទៀត​ជា​ម៉ូ​ដែល UH-1Y​។ មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​ដី Hellfire និង APKWS គ្រាប់​រ៉ុក្កែត​មិន​បញ្ជា​ទិស និង​គ្រាប់​សម្រាប់​កាណុង​និង​កាំភ្លើង​យន្ត នឹង​ត្រូវបាន​ផ្តល់ជូន​ផងដែរ​។​

​ឧទ្ធម្ភាគចក្រ AH-1Z ទាំង​ពីរ​គ្រឿង​ត្រូវបាន​ដឹកជញ្ជូន​ពី​សហរដ្ឋ​អាម៉េរិក​ទៅកាន់​សាធារណរដ្ឋ​ឆែក​តាមរយៈ​យន្តហោះ​ដឹកទំនិញ C-17 Globemaster III ។ យោង​តាម​ក្រសួង​ការពារជាតិ​ឆែក អ្នកឯកទេស​អាម៉េរិក​មួយ​ក្រុម​ធំ​ក៏​បាន​មក​ដល់​ជាមួយ​ឧទ្ធម្ភាគចក្រ​ផងដែរ​។ ដោយ​ធ្វើការ​ជាមួយ​បុគ្គលិក​ឆែក ពួកគេ​នឹង​ផ្គុំ​ឧទ្ធម្ភាគចក្រ Viper ឡើងវិញ ហើយ​ចាប់ផ្តើម​ហោះហើរ​ពួកវា​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខ​៕

​ឧទ្ធម្ភាគចក្រ AH-1Z ទាំង​ពីរ​គ្រឿង​ត្រូវបាន​ដឹកជញ្ជូន​ពី​សហរដ្ឋ​អាម៉េរិក​ទៅកាន់​សាធារណរដ្ឋ​ឆែក​តាមរយៈ​យន្តហោះ​ដឹកទំនិញ C-17 Globemaster III