ដោយៈមុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០១ ខែសីហា ស្អែកនេះ នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។ ហើយបើមានការប្តឹងតវ៉ា ឬជំទាស់ ទៅនឹងលទ្ធផលបណ្តោះអាសន្នពីសំណាក់គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការឆ្នោតនោះទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក សោម សូរីដា បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែសីហា នេះថាៈ គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយការសម្រេចនេះ នឹងប្រកាសជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

លោកអគ្គលេខាធិការរង បានបញ្ជាក់ថាៈ “ការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឲ្យគណបក្សនយោបាយ ដែលចូលរួមការប្រកួតប្រជែងបោះឆ្នោត ប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ហើយក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣”។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨ បានចូលរួមប្រកួតប្រជែង។ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេ ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំ នាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិ បានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួម នៃការបោះឆ្នោតជាតិ ចំនួនបួនលើក កន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់ នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោត។

ដំណើរការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមាន អង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អាណិកជនកម្ពុជា នៅបរទេស។ ដំណើរការបោះឆ្នោតនេះ ក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នា អំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត៕ V / N