ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៣ ក្រុមការងាររបស់ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីជំនាញ លោក កើ សាឡឹម អភិបាលរងស្រុកបារាយណ៍ ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជា ភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ឋនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹក ដល់សត្វគោក្របី ជូនប្រជកសិករ នៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្ត ក៏បានជួប សំណេះសំណាលបន្ថែម ជាមួយប្រជាកសិករ និងអំពាវនាវដល់កសិករ ដែលជាម្ចាស់សត្វ ឱ្យនាំយកសត្វគោក្របី មកចាក់វ៉ាក់សាំង ការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀត នៅពេលក្រុមការងារថ្នាក់ខេត្ត រៀបចំឡើង ដើម្បីណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។
ម្យ៉ាងវិញទៀត ត្រូវពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ រវាងមន្ត្រីជំនាញថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ ជាមួយកសិករ នៅពេលដែល មានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ឱ្យបានទាន់ពេលវេលា។
លោក ចាន់ បញ្ញាវ័ន្ត បានបញ្ជាក់ថាៈ លទ្ធផលក្រុមការងារ សម្រេចបានគោសរុបចំនួន ៤២០ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំងសារទឹក ៤.០០០ កម្រិត FMD ២.០០០ កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនប្រជាកសិករ ក្នុងមូលដ្ឋានរបស់ពួកគាត់ សម្រាប់យកទៅ ចាក់បន្តនៅក្នុងសហគមន៍ ប្រសិនបើសត្វគោក្របី របស់គាត់ មានបញ្ហានៅជំងឺផ្សេងៗ។
លោក កើ សាឡឹម អភិបាលរងស្រុកបារាយណ៍ បានថ្លែងអរគុណដល់លោក ចាន់ បញ្ញាវ័ន្ត បានដឹកនាំមន្ត្រីជំនាញ ចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសាទឹក ដល់សត្វ គោក្របីនៅស្រុកយើងខ្ញុំ ដើម្បីការពារកុំឱ្យមានជំងឺផ្សេងៗ ឆ្លងទៅលើសត្វក្របីផងដែរ។ ជាពិសេស ក៏បានផ្ដល់នៅវ៉ាក់សាំងជាច្រើនបន្ថែមទៀត ដល់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចាក់បន្តដល់សត្វគោក្របី របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ចៀសសវាងកុំឱ្យមានបញ្ហាការឆ្លងជំងឺពីសត្វមួយ ទៅសត្វផ្សេងទៀត៕/V/R