​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន ដែល​ពី​មុន​ត្រូវ​គេ​ស្គាល់​ថា Twitter បាន​ដកចេញ​ស្លាក​សញ្ញា X ភ្លឺ​ភ្លឹបភ្លែត​ពីលើ​កំពូល​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិជ្ជា ដែល​ប្តូរ​ម៉ាក​ថ្មីថ្មោង​នេះ បាន​បង្ក​ភាពច្របូកច្របល់​ជាមួយ​មន្ត្រី​ទីក្រុង​ជុំវិញ​ស្លាក​សញ្ញា​ដ៏​ចម្រូងចម្រាស​នេះ​។​

X ដែល​ត្រូវបាន​ដំឡើង​នៅ​លើដំបូល​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​កាលពី​សប្តាហ៍​មុន គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​របស់​ម្ចាស់ គឺ​លោក អេ​ឡុន ម៉ាស ដើម្បី​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​យក្ស​បណ្តាញ​សង្គម​ពោរពេញ​ដោយ​បញ្ហា​នេះ ទៅ​ជា​អក្សរ​ទី ២៤ នៃ​អក្ខរក្រម​អង់គ្លេស​។​

​ប៉ុន្តែ​អ្នកស្រុក​បាន​ត្អូញត្អែរ​ពី​ពន្លឺភ្លើង​ភ្លឺ​ខ្លាំង​ពេក​ដែល​បញ្ចេញ​ពី​ស្លាក​សញ្ញា​នៅពេល​យប់​។ អ្នកខ្លះ​ក៏​បាន​ត្អូញត្អែរ​អំពី​សុវត្ថិភាព​ផងដែរ ដោយ​លើកឡើង​ថា ស្លាក​សញ្ញា ដែល​បង្ហាញ​លើ​កំពូល​អគារ ហាក់​ផ្សារ​មិន​ជាប់​មាំទាំ​នៅ​គែម​ដំបូល​អគារ​នោះ​ទេ​។​

​នាយកដ្ឋាន​ត្រួតពិនិត្យ​អគារ​និង​ផែនការ​ទីក្រុង​របស់​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន ២៤ អំពី​សញ្ញា​នេះ រួម​ទាំង​ការព្រួយបារម្ភ​អំពី “​សុវត្ថិភាព​ស្លាក​សញ្ញា​និង​ការបំភ្លឺ​ភ្លើង​ភ្លឺ​ពេក​” នេះ​បើ​យោង​តាម​នាយក​ផ្នែក​ទំនាក់ទំនង​របស់​ទីភ្នាក់ងារ​ខាងលើ លោក ផា​ទ្រី​ក ហាន​ណាន់ (Patrick Hannan) ប្រាប់​ទៅ​ទីភ្នាក់ងារ​សារព័ត៌មាន AFP​។​

​លោក​ហាន​ណាន់​បាន​និយាយថា “​ព្រឹក​នេះ អ្នកត្រួតពិនិត្យ​អគារ​បាន​សង្កេត​មើល​គេ​រុះរើ​ស្លាក​សញ្ញា​ចេញ​ហើយ​”​។​

​យោង​តាម​លោក​ហាន​ណាន​បានឱ្យដឹងថា ម្ចាស់​អគារ ដែល​ក្រុមហ៊ុន X កំពុង​ជួល​ការិយាល័យ នឹង​ត្រូវ​បង់ថ្លៃ​ការអនុញ្ញាត​ក្នុង​ការដំឡើង​និង​ដកចេញ​ស្លាក​សញ្ញា ក៏ដូចជា​ការចំណាយ​លើ​ការស៊ើបអង្កេត​របស់​ទីក្រុង​ផងដែរ​៕

​ស្លាក​អក្សរ X ត្រូវបាន​រុះរើ