ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ បានហក់ឡើងខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យស្រុកចំនួន ២ នៃខេត្តនេះ កំពុងទទួលរងផលប៉ះពាល់ ធ្ងន់ធ្ងរ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។
របាយការណ៍ បានបញ្ជាក់ថាៈ ទឹកជំនន់ បានកើតឡើង នៅក្នុងស្រុកចំនួន២ គឺ ស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ហើយឃុំដែលរងផលប៉ះពាល់ មានចំនួន ១០ ឃុំ និង ២៨ ភូមិ ក្នុងនោះស្រុកភ្នំស្រួច ប៉ះពាល់ចំនួន ៦ឃុំ ស្មើនឹង ១៧ ភូមិ និងស្រុកបសេដ្ឋ ប៉ះពាល់ ៤ឃុំ ស្មើនឹង ១១ភូមិ។ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៣១៨ខ្នង ក្នុងស្រុកបសេដ្ឋចំនួន ៤២ខ្នង។ ចំពោះគ្រួសារដែលត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព មានចំនួន ១២៣គ្រួសារ។
ជំនន់ទឹកភ្លៀងនេះ បានបន្តប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ ចំនួន ៣២៨ ហិកតា ក្នុងនោះ ស្រុកបសេដ្ឋចំនួន ១០៨ ហិកតា និងដំណាំរួមផ្សំចំនួន ៤១ ហិកតា។ ក្រៅពីនេះ បានប៉ះពាល់ដល់ផ្លូវប្រវែង ២.៩៥០ ម៉ែត្រ (ស្រុកបសេដ្ឋ ប្រវែង ៦០០ម៉ែត្រ) ក្នុងនោះដាច់ផ្លូវប្រវែង ១.៤៥៥ ម៉ែត្រ (ស្រុកបសេដ្ឋ ប្រវែង ៥០ ម៉ែត្រ) ច្រោះខ្នងទំនប់ចំនួន ៥ កន្លែង និងច្រោះលូចំនួន ៤ កន្លែង (ស្រុកបសេដ្ឋ)៕/V/R