ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចិន​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​ពី​ការគ្រប់គ្រង​ការនាំ​ចេញ​លើ​ដ្រូ​ន​មួយចំនួន​និង​ឧបករណ៍​ដែល​ទាក់ទង​នឹង​ដ្រូ​ន ដោយ​និយាយថា​ខ្លួន​ចង់​ការពារ “​សន្តិសុខ​និង​ផលប្រយោជន៍​ជាតិ​” ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​សហរដ្ឋ​អាម៉េរិក​ជុំវិញ​សិទ្ធិ​ចូល​ប្រើប្រាស់​បច្ចេកវិជ្ជា​។​

​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា ការ​រឹតបន្តឹង​លើ​ឧបករណ៍​នានា រួម​ទាំង​ម៉ាស៊ីនដ្រូ​ន ឡា​ស៊ែរ ឧបករណ៍​ទំនាក់ទំនង និង​ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១ ខែ​កញ្ញា​។​

​អ្នកនាំពាក្យ​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការគ្រប់គ្រង​នេះ​ក៏​ប៉ះពាល់​ដល់​ដ្រូ​ន​ធម្មតា​មួយ​ចំនួន​ផងដែរ ហើយ​គ្មាន​ដ្រូ​ន​ស៊ីវិល​ណា​អាច​ត្រូវបាន​នាំចេញ​សម្រាប់​គោលបំណង​យោធា​នោះឡើយ​។​

​អ្នកនាំពាក្យ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​បាន​និយាយថា “​ការពង្រីក​វិសាលភាព​នៃ​ការគ្រប់គ្រង​ដ្រូ​ន​របស់​ចិន​នៅពេលនេះ​គឺជា​វិធានការ​សំខាន់​មួយ​ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​យើង​ជា​ប្រទេស​សំខាន់ ដែល​មាន​ការទទួលខុសត្រូវ ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​សន្តិសុខ​ពិភពលោក និង​រក្សា​សន្តិភាព​ពិភពលោក​”​។​

​អ្នកនាំពាក្យ​បាន​និយាយថា អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​បណ្តា​ប្រទេស​និង​តំបន់​ពាក់ព័ន្ធ​រួច​ហើយ​។​

​ចិន​មាន​ឧស្សាហកម្ម​ផលិត​ដ្រូ​ន​ដ៏​ធំ​បំផុត​មួយ​លើ​ពិភពលោក ហើយ​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ជាច្រើន រួម​ទាំង​សហរដ្ឋ​អាម៉េរិក​ផងដែរ​។​

​ក្រសួង​ការពារជាតិ​និង​ក្រសួង​ពាណិជ្ជកម្ម​របស់​អាម៉េរិក​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ទេ​។​

​សភា​អាម៉េរិក​ក្នុង​ឆ្នាំ ២០១៩ បាន​ហាមប្រាម​មន្ទីរ​បញ្ច​កោណ​មិន​ឱ្យ​ទិញ​ឬ​ប្រើប្រាស់​ដ្រូ​ន​និង​គ្រឿងបន្លាស់​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន​ទេ​។​

​សមាជិក​សភា​អាម៉េរិក​បាន​និយាយថា ជាង ៥០% នៃ​ដ្រូ​ន​ដែល​លក់​នៅ​សហរដ្ឋ​អាម៉េរិក​គឺ​ផលិត​ដោយ​ក្រុមហ៊ុន DJI ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ហើយ​ពួក​វា​ជា​ដ្រូ​ន​ពេញនិយម​បំផុត​ដែល​ប្រើប្រាស់​ដោយ​បណ្តា​ទីភ្នាក់ងារ​សុវត្ថិភាព​សាធារណៈ​។​

DJI បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​តែងតែ​គោរព​យ៉ាង​តឹងរ៉ឹង​និង​អនុវត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នៃ​ប្រទេស​ឬ​តំបន់​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ រួម​ទាំង​កិច្ច​តម្រូវ​ក្នុង​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ការនាំចេញ​របស់​ចិន​ផងដែរ​៕

​ចិន​ចាប់ផ្តើម​រឹតបន្តឹង​ការនាំ​ចេញ​ដ្រូ​ន​ទៅ​ក្រៅប្រទេស ក្រោម​ហេតុផល​ចង់​ការពារ “​សន្តិសុខ​និង​ផលប្រយោជន៍​ជាតិ​”