ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានមានប្រសាសន៍ថា ស៊ីហ្គេមនៅកម្ពុជាយើងជោគជ័យ តែលោកចង់បាន ជោគជ័យបន្ដទៀត សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។

លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា (E-Sports) បានលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំសហព័ន្ធ ក្លិប និងកីឡាករ ព្រមទាំងដៃគូឯកជន ត្រូវបន្ដការខិតខំប្រឹងប្រែង ដើម្បីរក្សាការអភិវឌ្ឍគុណផលកម្រិតខ្ពស់ ឆ្ពោះទៅរកភាពជោគជ័យលើឆាកអន្ដរជាតិ ដ្បិតលោកចង់ឃើញកីឡាអេឡិចត្រូនិក កម្ពុជា បន្ដជោគជ័យបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅថៃក្រោយ ទទួលបានជោគជ័យ លើទឹកដីរបស់ខ្លួន។

លោកប្រធានសហព័ន្ធ បានកោតសរសើរដៃគូអភិវឌ្ឍន៍ ក្លិប និងកីឡាករទាំងអស់ ដែលចំណាយពេល និងធនធានចូលរួមអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិក ឲ្យកាន់តែ រីកចម្រើន និងមានមោទនភាព ជាក់ស្ដែងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ បានស្ដែងឲ្យឃើញពីសមិទ្ធផល នៃការខំប្រឹង និងរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ រហូតក្រុមកីឡាអេឡិចត្រូនិក ដណ្ដើមបានមេដាយ មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១។ បែបនេះក្ដី លោកនៅតែចង់ឃើញវិស័យកីឡារីកចម្រើន ហើយកាន់តែជោគជ័យថែមទៀត។

លោកបានបញ្ជាក់ថាៈ លោកចង់បានជោគជ័យ លើទឹកដីគេវិញ បន្ទាប់ពីយើងជោគជ័យ លើទឹកដីរបស់យើង។ ប៉ុន្ដែត្រូវសម្រេចវត្ថុបំណងនេះ យើងត្រូវហ្វឹកហាត់ គោរពវិន័យ និងត្រូវបណ្ដុះបណ្ដាល គ្រប់បែបយ៉ាងទាំងអស់ ដើម្បីឲ្យក្លាយទៅជាកីឡាករមួយដែល បំពេញនូវត្ថុបំណងរបស់យើងទាំងអស់គ្នា ក្ដីស្រមៃយើងទាំងអស់គ្នា ហើយមានមោទន ភាពជាតិ ទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ WPML ឆ្នាំ២០២៣ ជាបណ្ដោះអាសន្ន មកទល់ពេលនេះ មានក្រុមចុះឈ្មោះចូលរួម ៤៥៧ ក្រុមហើយ ខណៈគណៈកម្មការ នឹងកំណត់យក ៥១២ ក្រុម ដើម្បីធ្វើការប្រកួតជម្រុះយក ៨ ក្រុម ឡើងទៅប្រកួតវគ្គបន្ដ ជាមួយក្រុមលីគ MPL ៧ក្រុមផ្សេងទៀត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួត ជម្រុះ នឹងធ្វើឡើងពីថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា នៅរាជធានីភ្នំពេញ មុនបន្ដការប្រកួត ស្វែងរក ក្រុមជ័យលាភី នាថ្ងៃទី២៧ ខែសីហា នៅខេត្តព្រះសីហនុ។

លោកប្រធានសហព័ន្ធ សង្ឃឹមយ៉ាងមុតមាំថាៈ ការប្រកួតពានរង្វាន់ WPML ឆ្នាំនេះ នឹងសម្រេចបាននូវ ផ្លែផ្កាកាន់តែប្រសើរ ស្របតាមលក្ខខណ្ឌសហព័ន្ធ ដើម្បីដុសខាត់ សមត្ថភាពកីឡាករ និងបណ្ដាក្រុមចូលរួម ក្នុងន័យជំរុញការអភិវឌ្ឍន៍ វិស័យកីឡាអេឡិច ត្រូនិកកម្ពុជា ដែលកំពុងធ្វើដំណើរយ៉ាងរលូន បន្ទាប់ពីការតស៊ូមតិ រហូតមានការទទួល ស្គាល់ ពីសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក អាស៊ី និងក្នុងសហគមន៍ផ្ទាល់ ក្នុងការ ទទួលស្គាល់ប្រភេទកីឡា ដែលទាមទារឲ្យកីឡាករ-កីឡាការិនី ត្រូវចេះបច្ចេកវិទ្យា នេះ៕/V/R