នៅ​បន្ទាយមានជ័យ ក្រោយ​បិទ​បញ្ចប់​ការបោះឆ្នោត ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​, ការរាប់​សន្លឹកឆ្នោត​ដំណើរការ​

1108
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​បន្ទាយមានជ័យ ក្រោយ​បញ្ចប់​ម៉ោង​បោះឆ្នោត ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​នៅ​ក្រុង​សិរីសោភ័ណ និង​ស្រុក​ក្រុង​ខ្លះទៀត​។ ទោះយ៉ាងណា មាន​ភ្លៀង​ក៏​មិនមាន​អ្នកបោះឆ្នោត​នៅសល់ មក​បោះឆ្នោត​បង្ហើយ​ដែរ​។ នេះ​បើ​យោង​ប្រភព​នានា​។​

​រីឯ​នៅតាម​ការិយាល័យ​បោះឆ្នោត​នានា ក្រោយពី​បិទ​បញ្ចប់​ការបោះឆ្នោត មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​អ្នកសង្កេតការណ៍​បាន​ដំណើរការ​រាប់​សន្លឹកឆ្នោត ពី​ម្តុំ​ម៉ោង​៣​និង​២០​នាទី​មក​។ ចំណែក​នៅ​ខាងក្រៅ​ការិយាល័យ ភ្លៀង​បន្ត​ធ្លាក់​និង​រលឹម​បន្ត​ដោយ​កន្លែង​។​

​លោក ហី គឹម​សេង ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៩​ខែកក្កដា​ថា ក្រោយ​បិទ​បញ្ចប់​ការបោះឆ្នោត​នេះ នៅ​បន្ទាយមានជ័យ​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ២៦៧.១៥៣​នាក់ លើ​អ្នកបោះឆ្នោត​មាន​ក្នុង​បញ្ជី ចំពោះ​អ្នកបោះឆ្នោត​ដែល​ធ្វើ​បច្ចុប្បន្នភាព​រួច ចំនួន ៣៥៥.៦៦៧​នាក់ ឬ​ត្រូវជា​៧៥,១២​ភាគរយ​។​

​សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​មាន​គណបក្ស​១៣​ចូលរួម​បោះឆ្នោត ក្នុងនោះ​មាន​ភ្នាក់ងារ​គណបក្សនយោបាយ​សង្កេតការណ៍ ចំនួន​៣.២០៨ នាក់​/​ស្រី ៧១៣​នាក់​។ មាន​ការិយាល័យ​បោះឆ្នោត​សរុប ១.០៧០​ការិយាល័យ មាន​ចំនួន​អ្នកបោះឆ្នោត​ដែល​ធ្វើ​បច្ចុប្បន្នភាព​រួច ៣៥៥.៦៦៧​នាក់​។ មាន​ភ្នាក់ងារ​គណបក្សនយោបាយ​សង្កេតការណ៍ ចំនួន​៣.២០៨ នាក់​/​ស្រី​៧១៣​នាក់​។ និង​មាន​ភ្នាក់ងារ​សង្កេតការណ៍​ជាតិ​មកពី​១៣ អង្គការ សមាគម​សរុប​ចំនួន​១.៤៤០​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម