​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ចិន​គ្រោង​នឹង​ចាប់ផ្តើម​ដាក់​កំហិត​លើ​ការនាំ​ចេញ​វត្ថុធាតុដើម​សំខាន់​ចំនួន​ពីរ​ទៅ​កាន់​ឧស្សាហកម្ម​បន្ទះ​ឈីប ខណៈ​សង្គ្រាម​បន្ទះ​ឈី​បជា​មួយ​សហរដ្ឋ​អាម៉េរិក​កាន់តែ​ក្តៅគគុក​។​

​ក្រោម​ការគ្រប់គ្រង​ថ្មី អាជ្ញា​បណ្ណ​ពិសេស​នឹង​ត្រូវការ​ជា​ចាំបាច់​ដើម្បី​នាំចេញ​សារធាតុ​ហ្គាល់​លី​ញ៉ូម (Gallium) និង​ហ្គឺ​ម៉ានី​ញ៉ូម (Germanium) ពី​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី​ពីរ​របស់​ពិភពលោក​។​

​សារធាតុ​ទាំងពីរ​ត្រូវបាន​ប្រើ​ដើម្បី​ផលិត​បន្ទះ​ឈីប​និង​អនុវត្ត​ផ្នែក​យោធា​ផងដែរ​។​

​ការទប់ស្កាត់​នេះ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​រឹតត្បិត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការ​ចូល​ប្រើប្រាស់​បច្ចេកវិជ្ជា​បន្ទះ​ឈីប​កម្រិត​ខ្ពស់​។​

​រហូតមកទល់​ពេលនេះ ប្រទេស​ចិន​នៅតែ​ជា​តួអង្គ​ធំ​បំផុត​នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​សម្រាប់​សារធាតុ​ហ្គាល់​លី​ញ៉ូម​និង​ហ្គឺ​ម៉ា​នី​ញ៉ូម​។ ចិន​ផលិត​ហ្គាល់​លី​ញ៉ូម ៨០% និង​ហ្គឺ​ម៉ានី​ញ៉ូម ៦០% នៅលើ​ពិភពលោក នេះ​បើ​យោង​តាម​ស្ថាប័ន​ឧស្សាហកម្ម​ឈ្មោះថា សម្ពន្ធ​វត្ថុធាតុដើម​សំខាន់ (CRMA)​។​

​សារធាតុ​ទាំងពីរ​គឺជា “​លោហធាតុ​ខ្នាតតូច​ប៉ុណ្ណោះ​” មានន័យថា​ពួកវា​មិន​ត្រូវបាន​រកឃើញ​ដោយ​ឯកឯង​នៅក្នុង​ធម្មជាតិ​នោះ​ទេ ហើយ​ជារឿយៗ​វា​ជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​ដែល​ដំណើរការ​ចេញពី​ការ​ចម្រាញ់​ជាច្រើន​ដំណាក់កាល​។​

​ក្រៅ​ពី​សហរដ្ឋ​អាម៉េរិក ទាំង​ជប៉ុន​និង​ហូ​ឡង់ ដែល​ជា​ទី​ជម្រក​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​បន្ទះ​ឈីប​សំខាន់ ក្រុមហ៊ុន​បន្ទះ​ឈីប​ធំ​បំផុត​ASML ដែល​មាន​មូលដ្ឋាន​នៅ​ហូ​ឡង់​បានដាក់​ការ​រឹតបន្តឹង​លើ​ការនាំ​ចេញ​បច្ចេកវិជ្ជា​បន្ទះ​ឈីប​លើ​ប្រទេស​ចិន​។​

​លោក ខូលីន ហា​មី​ល​តុ​ន (Colin Hamilton) មក​ពី​ក្រុមហ៊ុន​វិនិយោគ BMO Capital Markets បាន​ប្រាប់ BBC ថា “​ពេលវេលា​នៃ​ការប្រកាស​ពី​ប្រទេស​ចិន​គឺ​មិន​ចៃដន្យ​ទេ ដោយសារតែ​ការ​រឹតបន្តឹង​លើ​ការនាំ​ចេញ​បន្ទះ​ឈី​បបាន​ប្រកាស​ដោយ​ហូ​ឡង់​ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត​”​។​

​លោក​បាន​បន្ថែមថា “​វា​សាមញ្ញ​ណាស់ ប្រសិនបើ​អ្នក​មិន​ផ្តល់​ឱ្យ​យើង​នូវ​បន្ទះ​ឈីប​ទេ យើង​នឹង​មិន​ផ្តល់​ឱ្យ​អ្នក​នូវ​វត្ថុធាតុដើម​សម្រាប់​ផលិត​បន្ទះ​ឈីប​ដូចគ្នា​”​។​

​ការ​សងសឹក​ដាក់គ្នា​ឥតឈប់ឈរ​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​បាន​ធ្វើឱ្យ​មានកា​រ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការកើនឡើង​នៃ​អ្វីដែល​គេ​ហៅថា “​ជាតិនិយម​ធនធាន​” នៅពេល​ដែល​រដ្ឋាភិបាល​នានា​បង្ខាំង​ទុក​រាល់​វត្ថុធាតុដើម​សំខាន់ៗ​ដើម្បី​បញ្ចេញ​ឥទ្ធិពល​លើ​ប្រទេស​ដទៃ​ទៀត​។​

​លោក​បណ្ឌិត ហ្គាវី​ន ហា​ភើ (Gavin Harper) ជា​អ្នកស្រាវជ្រាវ​ផ្នែក​វត្ថុធាតុដើម​សំខាន់​នៅ​សាកលវិទ្យាល័យ​បឺ​មីង​ហ៊ែ​ម (Birmingham) បាន​និយាយថា “​យើង​កំពុង​មើលឃើញ​រដ្ឋាភិបាល​នានា​កាន់តែ​ងាក​ចេញ​ឆ្ងាយ​ពី​សកលភាវូបនីយកម្ម​”​។​

“​គំនិត​ដែល​ថា​ទីផ្សារ​អន្តរជាតិ​នឹង​ចែកចាយ​វត្ថុធាតុដើម​បាន​ចប់​ហើយ ហើយ​ប្រសិនបើ​អ្នក​ក្រឡេក​មើល​រូបភាព​ឱ្យ​កាន់តែ​ធំ​ទូលំ​ទូលាយ​ជាង​នេះ ឧស្សាហកម្ម​លោកខាងលិច​អាច​នឹង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ខាង​អត្ថិភាព​”​។​

​សារធាតុ ហ្គាល់​លី​ញ៉ូម អា​សេនី​ត (Gallium Arsenide) ត្រូវបាន​ប្រើ​ក្នុង​ការផលិត​បន្ទះ​ឈីប​កម្រិត​ខ្ពស់ក៏​ដូច​ជា​ក្នុង​ការផលិត​អំពូល LED និង​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​។​

​យោងតាម CRMA បានឱ្យដឹងថា ក្រុមហ៊ុន​មួយចំនួន​តូច​នៅ​ជុំវិញ​ពិភពលោក​បាន​ផលិត​សារធាតុ​ហ្គាល់​លី​ញ៉ូម​អាសេនីត​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រឿង​អេឡិចត្រូនិច​។​

​សារធាតុ​ហ្គឺ​ម៉ានី​ញ៉ូមក៏​ត្រូវបានប្រើ​ដើម្បី​ផលិត​បន្ទះ​មីក្រូ​ប្រូ​សេ​សស័រ (microprocessor) និង​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ផងដែរ​។ លោក​ហា​មី​ល​តុ​ន​បាន​និយាយថា វា​ក៏​ត្រូវបាន​ប្រើ​ក្នុង​ការផលិត​វ៉ែនតា​មើលឃើញ​ពេលយប់​ផងដែរ ដែល​វា “​សំខាន់​ណាស់​សម្រាប់​យោធា​”​។​

​ទោះយ៉ាងណា លោក​ហា​មី​ល​តុ​ន​បាន​បន្ថែមថា “​គួរតែ​មាន​ការផ្គត់ផ្គង់​ក្នុង​តំបន់​គ្រប់គ្រាន់​ពី​រោងចក្រ​ចម្រាញ់​លោហៈ​គោល​ដើម្បី​ផ្តល់​ជម្រើស​ផ្សេង​។ សារៈសំខាន់​ចំពោះ​ឧបករណ៍​អេឡិចត្រូនិច​ដែល​មាន​គុណភាព​ខ្ពស់​គឺ​ពិបាក​ដោះស្រាយ​ជាង ពីព្រោះ​ចិន​ពិតជា​គ្របដណ្តប់​ខ្លាំង​លើ​សារធាតុ​ផលិត​។ ប្រហែលជា​នឹង​មាន​ការជំរុញ​មួយចំនួន​សម្រាប់​ការកែច្នៃ​ឡើងវិញ​”​។

​កាលពី​ខែ​មុន អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​មាន​ស្តុក​សារធាតុ​ហ្គឺ​ម៉ានី​ញ៉ូម ប៉ុន្តែ​គ្មាន​ស្តុក​សារធាតុ​ហ្គាល់​លី​ញ៉ូម​ទេ​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែមថា “​ក្រសួង​ការពារជាតិ​កំពុង​ចាត់​វិធានការ​យ៉ាង​សកម្ម​…​ដើម្បី​បង្កើន​ការជីក​យក​រ៉ែ​ក្នុងស្រុក និង​ការកែច្នៃ​វត្ថុធាតុដើម​សំខាន់ៗ​សម្រាប់​ខ្សែសង្វាក់​ផ្គត់ផ្គង់​មីក្រូ​អេឡិចត្រូនិច​និង​អវកាស រួម​ទាំង​ហ្គាល់​លី​ញ៉ូម និង​ហ្គឺ​ម៉ានី​ញ៉ូម​”​។​

​ទោះយ៉ាងណា ការ​រឹតបន្តឹង​ការនាំចេញ​របស់​ចិន​ត្រូវ​គេ​រំពឹងថា​នឹង​មាន​ផលប៉ះពាល់​តិចតួច​ក្នុង​រយៈពេល​វែង​។​

​ទោះបីជា​ចិន​ជា​អ្នក​នាំចេញ​ហ្គាល់​លី​ញ៉ូម​និង​ហ្គឺ​ម៉ា​នី​ញ៉ូម​នាំមុខ​គេ​ក៏​ដោយ ក៏ប៉ុន្តែ​មាន​វត្ថុ​ធាតុ​ជំនួស​ក្នុង​ការផលិត​សមាសធាតុ​ដូចជា​បន្ទះ​ឈីប​កុំព្យូទ័រ នេះ​បើ​តាម​ក្រុមហ៊ុន​ប្រឹក្សា​ហានិភ័យ​នយោបាយ Eurasia Group​។​

​ក្រុមហ៊ុន​បាន​បន្ថែមថា​ក៏​មាន​កន្លែង​ជីក​រ៉ែ​និង​កែច្នៃ​សកម្ម​ដែល​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស​ចិន​ផងដែរ​។​

​ក្រុមហ៊ុន​នេះ​បាន​គូសបញ្ជាក់​ពី​ភាពស្រដៀងគ្នា​ទៅ​នឹង​ពេល​ដែល​ចិន​បាន​ដាក់​កំហិត​លើ​ការនាំ​ចេញ​រ៉ែ​កម្រ​កាល​ពី​មួយ​ទសវត្សរ៍​មុន​។​

​ក្រុមហ៊ុននាំចេញ​កាន់តែច្រើន​បាន​លេចឡើង ហើយ​ក្នុង​រយៈពេល​តិច​ជាង​មួយ​ទសវត្សរ៍ ការ​គ្របដណ្តប់​របស់​ចិន​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​រ៉ែ​កម្រ​បាន​ធ្លាក់ចុះ​ពី ៩៨% មក​ត្រឹម ៦៣% នេះ​បើ​យោង​តាម​ការប៉ាន់ស្មានរ​បស់​ក្រុមហ៊ុន Eurasia ។​

​លោកស្រី អាន​ណា អា​ស្តុន (Anna Ashton) នាយក Eurasia សម្រាប់​កិច្ចការ​សាជីវកម្ម​ចិន និង​ទំនាក់ទំនង​អាម៉េរិក​-​ចិន បាន​ប្រាប់ BBC ថា “​យើង​អាច​រំពឹង​ឃើញ​ការអភិវឌ្ឍ​និង​ការ​កេងចំណេញ​លើ​ប្រភព​ជំនួស​នៃ​សារធាតុ​ហ្គាល់​លី​ញ៉ូម​និង​ហ្គឺ​ម៉ា​នី​ញ៉ូម ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ក្នុង​ការកែច្នៃ​វត្ថុ​ធាតុ​ទាំងពីរ​ឡើងវិញ និង កំណត់​ជម្រើស​វត្ថុ​ធាតុ​ជំនួស​ងាយស្រួល​រក​បន្ថែមទៀត​”​។

​លោកស្រី​បាន​បន្ថែមថា “​នោះ​មិនមែន​គ្រាន់​តែ​ដោយសារ​ការ​រឹតបន្តឹង​ការនាំចេញ​របស់​ចិន​ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នោះទេ​។ វា​គឺ​ដោយសារ​តែ​ការរំពឹងទុក​នៃ​តម្រូវការ​កើនឡើង ការបង្កើន​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​និង​ការមិនទុកចិត្ត​គ្នា និង​ឆន្ទៈ​របស់​ចិន​ក្នុងការ​រឹតបន្តឹង​ការ​នាំចូល​និង​ការនាំចេញ​នៅក្នុង​សេវាកម្ម​ដើម្បី​បំពេញ​មហិច្ឆតា​នយោបាយ​និង​យុទ្ធសាស្ត្រ​”​។​

​កាលពី​ខែ​តុលា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាសថា ខ្លួន​នឹង​ទាមទារ​អាជ្ញា​បណ្ណ​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​នាំ​ចេញ​បន្ទះ​ឈីប​ទៅកាន់​ប្រទេស​ចិន ដោយ​ប្រើ​ឧបករណ៍ ឬ​កម្មវិធី​សូ​ហ្វ​វែ​របស់​អាម៉េរិក មិន​ថា​បន្ទះ​ឈីប​នោះ​ផលិត​នៅទីណា​នៅលើ​ពិភពលោក​នោះ​ឡើយ​។​

​ចិន​តែង​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ជា​ញឹកញាប់​អំពី “​អនុត្តរភាព​បច្ចេកវិជ្ជា​” ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការត្រួតពិនិត្យ​ការនាំចេញ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ដាក់​កំហិត​លើ​ក្រុមហ៊ុន​អាម៉េរិក​ដែល​មាន​ទំនាក់ទំនង​នឹង​យោធា​អាម៉េរិក​ដូចជា​ក្រុមហ៊ុន Lockheed Martin ជាដើម​។​

​ទន្ទឹមនឹងនេះ​ដែរ រដ្ឋាភិបាល​លោកខាងលិច​នានា​បាន​និយាយ​អំពី​តម្រូវការ​ដើម្បី “​កាត់បន្ថយ​ហានិភ័យ​” ពី​ចិន ដែល​មាន​ន័យ​ថា​លែង​សូវ​ពឹងផ្អែក​លើ​ចិន​សម្រាប់​ទាំង​វត្ថុធាតុដើម​និង​ផលិតផល​សម្រេច​។​

​ទោះយ៉ាងណា ការធ្វើ​ពិពិធ​កម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​ការកសាង​សមត្ថភាព​ដើម្បី​ជីក​យក​រ៉ែ ហើយ​បន្ទាប់មក​កែច្នៃ​លោហធាតុ​ដូចជា ហ្គាល់​លី​ញ៉ូម​និង​ហ្គឺ​ម៉ា​នី​ញ៉ូម នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​។​

​ក្នុង​រយៈពេល​វែង ប្រទេស​សម្បូរ​រ៉ែ ដូចជា​អូស្ត្រាលី​និង​កាណាដា មើលឃើញ​វិបត្តិ​វត្ថុធាតុដើម​ជា​ឱកាស​។​

​អ្នកជំនាញ​ព្រមាន​ថា ការយក​ធនធាន​និង​សមត្ថភាព​បច្ចេកវិជ្ជា​ធ្វើ​ជា​អាវុធ ដូច​ដែល​អាម៉េរិក​និង​ចិន​បាន​ធ្វើ​នោះ នឹង​មាន​ផលវិបាក​ជា​សកល​ផងដែរ នៅពេល​និយាយ​អំពី​បរិស្ថាន​។​

​នោះ​គឺ​ដោយសារ​តែ​បច្ចេកវិជ្ជា​បៃតង​ថ្មី​សំខាន់ៗ​គឺ​ពឹងផ្អែក​លើ​វត្ថុធាតុដើម​ប្រភេទ​ទាំងនេះ​។​

​លោក​បណ្ឌិត​ហា​ភើ​និយាយថា “​នេះ​មិនមែន​ជា​បញ្ហា​ជាតិ​ទេ នេះ​ជា​បញ្ហា​ដែល​យើង​ប្រឈម​មុខ​ក្នុងនាម​មនុស្សជាតិ​។ សង្ឃឹមថា អ្នកបង្កើត​គោលនយោបាយ​ទាំងឡាយ​អាច​នាំ​យក​ដំណោះស្រាយ​ល្អ​បំផុត​មក​ដាក់​លើ​តុ​ចរចា ធានាបាន​នូវ​លទ្ធភាព​ទទួលបាន​វត្ថុធាតុដើម​សំខាន់ៗ​ទាំងនោះ ដែល​ពិតជា​ចាំបាច់​សម្រាប់​ការងា​ក​ទៅរក​ថាមពល​ស្អាត ហើយ​យើង​អាច​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ជុំវិញ​ការលុបបំបាត់​កាបូ​និក​”​។​

​ខណៈ​ផលប៉ះពាល់​នៃ​ការត្រួតពិនិត្យ​ការនាំ​ចេញ​ចុងក្រោយ​បំផុត​នេះ​នឹង​មិន​ក្លាយ​ជា​មហន្តរាយ​សម្រាប់​ឧស្សាហកម្ម​ឬ​អ្នកប្រើប្រាស់ អ្នកជំនាញ​បាន​ព្រមាន​ថា​វា​មាន​សារៈសំខាន់​ក្នុង​ការយកចិត្តទុកដាក់​ចំពោះ​កន្លែង​ដែល​និន្នាការ​នេះ​កំពុង​ឆ្ពោះទៅ​។​

​លោក​បណ្ឌិត​ហា​ភើ​និយាយថា “​បុរស​និង​ស្ត្រី​នៅ​តាម​ដងផ្លូវ​មិន​អាច​យល់​ពី​សារធាតុ​ហ្គាល់​លី​ញ៉ូម​និង​ហ្គឺ​ម៉ា​នីញ៉ូ​មបាន​ទេ​។ ប៉ុន្តែ​ដូចគ្នានេះដែរ ពួកគេ​ខ្វល់​ពី​តម្លៃ​រថយន្ត​របស់​ពួកគេ ឬ ថា​តើ​វា​ថ្លៃ​ប៉ុន​ណា​ត្រូវ​ប្តូរ​ទៅ​ប្រើ​បច្ចេកវិជ្ជា​បៃតង​”​។​

“​ពេលខ្លះ​គោលនយោបាយ​អរូបី​ដែល​កើតឡើង​នៅ​ទី​សែនឆ្ងាយ​ពិតជា​ក្លាយ​ជា​អ្វីមួយ​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ជីវិត​របស់​ពួកគេ​”៕

រូបភាព​សារធាតុ​ហ្គាល់​លី​ញ៉ូម និង​ហ្គឺ​ម៉ានី​ញ៉ូម​សំខាន់​ចំនួន​ពីរ​ទៅ​កាន់​ឧស្សាហកម្ម​បន្ទះ​ឈីប