ដោយៈដេប៉ូ/ភ្នំពេញ៖ សត្វខ្សឹបញីមួយក្បាលដែលជាប្រភេទស ត្វជិត ផុតពូជបំផុតលើពិភពលោក ហើយមានសភាពខ្សោយអស់កម្លាំង និង មិនអាចហើរបាននោះ បច្ចុប្បន្នមានសភាពល្អប្រសើរឡើងវិញហើយ ក្រោយទទួលបានការជួយសង្រ្គោះពីក្រុមអ្នកជំនាញ។នេះបើតាមការ ឱ្យដឹងពីអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។
ប្រភពអង្គការ WCS នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅកសិករឈ្មោះ ជិន សុធា ដែល រស់នៅក្នុងភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្ដកំពង់ធំ បានជួយ សង្គ្រោះសត្វខ្សឹបញីមួយក្បាលដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ហើយនៅកម្ពុជាវាមានវត្តមាន នៅតែតំបន់វាស្មៅលិចទឹក នៃទំនាបបឹងទន្លេសាបប៉ុណ្ណោះ»។
អង្គការWCS បានបន្តថា ៖ «សត្វបក្សីដែលត្រូវបានគេជួយ សង្រ្គោះ នេះ គឺមានសភាពខ្សោយអស់កម្លាំង និងមិនអាចហើរបាន គាត់ (ប្រជាជន) បានយកវាមកផ្ទះរបស់ខ្លួន រួចក៏រាយការណ៍ ដល់ក្រុម ការងារ នៃគម្រោងរបស់អង្គការ WCS ប្រចាំតំបន់ទេសភាពទន្លេសាប ដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់នៅថ្ងៃបន្ទាប់»។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារអង្គការ WCS បាន សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានមូលដ្ឋាន នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដើម្បីធ្វើការជួយសង្គ្រោះ និងស្តារនីតិសម្បទា សត្វនេះឡើងវិញ។
អង្គការ WCS បានបន្ថែមថា ៖ «សត្វខ្សឹបញីមួយក្បាល នេះត្រូវ បាន បញ្ជូនដល់មណ្ឌលសង្គ្រោះនៅម៉ោង ១១ យប់នាថ្ងៃទី២៦ ខែកក្កដា។ បន្ទាប់ពីទទួលការព្យាបាល និងថែទាំពីក្រុម ពេទ្យសត្វជំនាញ របស់ អង្គការ ACCB សត្វមួយក្បាលនេះ មានភាព ប្រសើរឡើងគួរឱ្យ កត់ សម្គាល់ តែជើងទាំងពីររបស់វានៅមិនទាន់អាចដើរបាននៅឡើងទេ ដែលទាមទាការពិនិត្យតាមដានជាបន្តផងដែរ»។
ជាមួយគ្នានេះ អង្គការ WCS ក៏បានថ្លែង អំណរគុណដល់ ប្រជា ពលរដ្ឋដែលមានការយល់ដឹង ស្រឡាញ់ និងចូលរួមយ៉ាង សកម្ម ក្នុងការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រទាំងអស់គ្នា ថែមទៀត។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យ ក្រសួង បរិស្ថាន បានថ្លែងថា ក្នុងនាមជាអ្នកអភិរក្ស លោកពិតជាមានក្តីរំភើប និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមអភិរក្សសត្វខ្សឹប។លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយ រាជរដ្ឋា ភិបាលកម្ពុជា ការពារសត្វខ្សឹបដែលជាសត្វកម្ររបស់ពិភពលោកនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោក នេត្រ ភក្រ្តា បានប្រាប់ថា ៖ «នេះគឺជាកាយវិការមួយ ដែលបាន ចូលរួមក្នុងការពារសត្វខ្សឹបដែលជាប្រភេទសត្វកម្រជិតដាច់ពូជនៅលើពិភពលោក ហើយមានតែនៅប្រទេសកម្ពុជាតែមួយគត់ ហើយផ្នែក ព្យាបាល ឱ្យជាឡើងវិញនេះ គឺឆ្លុះបញ្ចាំងពីសមត្ថភាព និងកិច្ចខិតខំប្រឹង ប្រែងពីសំណាក់មន្រ្តីបសុសត្វ និងក្រុមអភិរក្សក្នុងការ ចូលរួមចំណែក ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានប្រសើរឡើងវិញ»។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះលោក នេត្រ ភក្ត្រា បានបង្ហាញការ ជឿជាក់ថានឹងធ្វើឱ្យចំណេះដឹងក្នុងការចូលរួមអភិរក្សសត្វកម្រៗពីប្រជាពលរដ្ឋកម្ពុជាមានការកើនឡើងនេះ ដែលជាផ្នែកជួយជំរុញឱ្យមាន កំណើន ប្រភេទសត្វកម្រមួយនេះ ក៏ដូចជាប្រភេទសត្វកម្រដទៃ ទៀតមានការកើនឡើង និងអាចមានលទ្ធភាពបន្តពូជជា បន្តបន្ទាប់បាន។
ប្រភពក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នតំបន់ការពារ ទេសភាព ខាងជើងបឹងទន្លេសាប គឺជាទីជម្រកតែមួយគត់នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ដែលកំពុងមានវត្តមានសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ។ សត្វខ្សឹបជាសត្វកម្រ និងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែល គ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ការចូលរួមការពារនិងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធនានាជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹបរស់នៅពងកូន៕សរន / N