ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅវត្តសមាធិផល សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានកម្មវិធីបុណ្យ ៣ សំខាន់ៗ.ប្រារព្ធឡើង ក្នុងពេលតែមួយ ។
ព្រះមន្ត្រីសង្ឃនិងព្រះគ្រូចៅអធិការ ទាំង ២១ វត្ត ទូទាំងក្រុងសិរីសោភ័ណ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស បានមូលមតិគ្នា ជាឯកច្ឆន្ទ ផ្ដួចផ្ដើមប្រារព្ធធ្វើពិធីបុណ្យទី១-ចម្រើនព្រះជន្ម ទី២-បុណ្យផ្កាប្រាក់សាមគ្គី និងទី៣-បំបួសកុលបុត្រកុលធីតា ជាង ៣០ អង្គ ។
គោលបំណង នៃពិធីបុណ្យចម្រើនព្រះជន្ម ដោយសិស្សគុណទាំងឡាយ មានការរលឹក ដឹងគុណនិងចំពោះព្រះឧបជ្ឈាយ៍ ចម្រើនព្រះជន្ម ប្រគេនព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះរាជាគណៈកិត្តិយស ព្រះបាឡាត់គុណ ខេត្តបន្ទាយមានជ័យ និងព្រះគ្រូ ប៉ាត សុគន្ធ ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូសនិមល ព្រះគ្រូអនុគណក្រុងសិរីសោភ័ណ និងជា ព្រះគ្រូចៅអធិការ វត្តសមាធិផល និងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកា កសាងកុដិ ព្រះសីវលី រៀបចំសួនច្បារ និងចាក់បេតុង ដែលកំពុងដំណើរការ ដូចសព្វថ្ងៃ មានការខ្វះខាត ជាច្រើនកន្លែង ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ /អង្គភាពនានាជុំវិញខេត្ត ក្រុង សង្កាត់។
នាពេលល្ងាច មានកម្មវិធី ក៏បានរៀបចំទៅតាមបែបព្រះពុទ្ធសាសនា ជាពិសេស ក៏មានការស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះសមណញ្ញាណ ណាប់ ម៉ឺន និងព្រះមេត្តិញ្ញាណ ប៉ាត សុគន្ធ បន្ទាប់មកក៏បាននិមន្តព្រះធម្មកថិក សម្តែងព្រះធម៌ ទេសនា សង្ឃាយានាគ្រែ៣។
លុះថ្ងៃបន្ទាប់ពីព្រឹក ក៏បានរៀបចំដង្ហែផ្កាប្រាក់សាមគ្គី ប្រទក្សិណ ជុំវិញព្រះវិហារ ៣ ជុំ រួច ប្រារព្ធបទនមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្តាហារ និងផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតាបិតា ក្នុងវត្តសង្សា និងនៅពេលរសៀល ដល់ល្ងាច ក៏មានការជួបជុំពុទ្ធបរិស័ទ ជិតឆ្ងាយដង្ហែ សំពត់សាដកងូតទឹកភ្លៀង និងទៀនចំណាំចាំព្រះវស្សា ជុំវិញព្រះវិហារ ៣ជុំ និងប្រារព្ធ ពិធីជាបន្តបន្ទាប់ ទៅតាមប្រពៃណី នៃព្រះពុទ្ធសាសនានៃយើង។
ព្រះគ្រូ ប៉ាត សុគន្ធ ព្រះរាជាគណៈថាកិត្តិយស ជាព្រះគ្រូសនិមល ព្រះគ្រូអនុគណ ក្រុងសិរីសោភ័ណ និងជាព្រះគ្រូចៅអធិការ វត្តសមាធិផល មានសង្ឃដិកាថាៈ ក្នុងពិធីបុណ្យនោះ មានពុទ្ធបរិស័ទ ទាំងក្នុងនិងក្រៅប្រទេសជិតឆ្ងាយ ប្រមូលបានថវិកា ចំនួន ប្រាក់ខ្មែរ ១៨ លានរៀល , ប្រាក់អាមេរិក ៧២៥ ដុល្លារ , ប្រាក់ថៃ បាន ៥.០០០ បាត ៕ V / N