ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក លឹម សៀងហេង អភិបាលក្រុងបាវិត កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងកម្មវិធីបញ្ចុះបឋមសិលា កសាងកុដិថ្មី ដែលមានទទឹង ១០ម៉ែត្រ បណ្ដោយ ១៣ម៉ែត្រ មានកម្ពស់ ២ជាន់ ៨បន្ទប់ ស្ថិតនៅក្នុងវត្តតាឡុក ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកអភិបាលក្រុង បានមានប្រសាសន៍ថា: នាពេលបច្ចុប្បន្ន ប្រទេស ជាតិ មានការអភិវឌ្ឍន៍ និងមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធ សាសនា ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ។ ពុទ្ធបរិស័ទមានតួនាទីយ៉ាង សំខាន់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធ សាសនានៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបន្តទៀតថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូល ព្រះវស្សានេះ មានរយៈពេល ៣ខែ ដោយ ចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញ នៅថ្ងៃ១៥ កើត ខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបាន កំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រ​នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំ ព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះ ហើយ ទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃ មុនថ្ងៃចូលព្រះវស្សា។

នៅក្នុងពិធីនោះ លោកអភិបាលក្រុង បានជួយថវិកា ៤.០០០.០០០ រៀល ក្នុងការកសាង កុដិ ព្រមទាំងបាននាំយកនូវសម្ភារៈ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ផងដែរ ក្នុងនោះមានអង្ករ ១៥០គ.ក ទឹកសុទ្ធវីតាល់ ៧កេស មី ៧កេស ទឹកក្រូច ៧កេស  ត្រីខ ២យូរ និងថវិកា ១.៥៨០.០០០ រៀល៕ V / N