ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ អត្តពលិក កីឡានគរបាលជាតិកម្ពុជា បានបន្ថែមមេដាយ ១០ គ្រឿង ទៀតហើយ នៅក្នុងការប្រកួត កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា ដែលដណ្ដើមបានលើប្រភេទកីឡាហែលទឹក ។
សម្រាប់អត្តពលិកកីឡាហែលទឹក របស់ក្រសួងមហាផ្ទៃ បានបន្ថែមមេដាយ ១០គ្រឿងទៀត រួមមាន មេដាយមាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ៣ បន្ទាប់ពីពួកគេ ដណ្ដើមបានមេដាយ ៥គ្រឿង (មាស៣និងប្រាក់២) កាលពីចុងសប្ដាហ៍កន្លងទៅ។ សរុបមេដាយដែល ក្រុមកីឡាហែលទឹក នគរបាលជាតិកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍កីឡាប៉ូលិស ពិភពលោក គឺមានចំនួន ១៥គ្រឿង (មាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣) ។
កីឡាការិនី សុខ វល័ក្ខ ដណ្ដើមបានមេដាយមាស ៤ និងប្រាក់ ១គ្រឿង កីឡាករ ហែម ប៉ុច ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ៣គ្រឿង កីឡាករ លឹម កែវឧត្តម ដណ្ដើម បានមេដាយប្រាក់ ២ និងសំរឹទ្ធ ៣គ្រឿង។
លទ្ធផលបណ្ដោះអាសន្ន ពេលនេះ ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយ ចំនួន ៣៦ គ្រឿងហើយ ក្នុងនោះមានមេដាយមាស ១៥ ប្រាក់ ១៦ និងសំរឹទ្ធ ៥គ្រឿង។ ក្រៅពីកីឡាហែលទឹក និងការ៉ាតេ គឺមានកីឡាចំបាប់ ឈ្នះមេដាយមាស ៤ និងប្រាក់ ៤គ្រឿង។ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយមាស ២ និងប្រាក់ ២គ្រឿង ជាពិសេស គឺក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាបាល់ទះ ក្នុងសាលបុរស ក្រោយយកឈ្នះគូប្រជែង ៨ ប្រកួតជាប់ៗគ្នា។
ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិក ជានគរបាលជាង ៧០ ប្រទេស ចូលរួម ខណៈកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិ ចំនួន ១៣ ប្រភេទកីឡាចូលរួម ៕ V / N