ដោយៈសុខុម/មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរីបានចាប់ផ្តើមឈូសឆាយផ្លូវវាងថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើរជាបណ្តោះអាសន្ននៅកន្លែងដាច់ផ្លូវជាតិលេខ៧៦A តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី។


កំណាត់ផ្លូវមួយខ្សែនេះបានរងការបាក់ស្រុតអស់ជាច្រើនម៉ែត្រដែលបង្កឡើងដោយទឹកភ្លៀងកាលពីយប់់ថ្ងៃទី១ខែសីហាឆ្នាំ២០២៣។
ក្រោយពីកំណាត់ផ្លូវមួយនេះ បាត់បង់អាជ្ញាធរកងកម្លាំងសមត្ថកិច្ច ផ្អាកការដំណើរទាំងស្រុង ទាំងម៉ូតូ និងរថយន្តមិនឱ្យធ្វើដំណើរតាមផ្លូវពីស្រុកស្នួលខេត្តក្រចេះទៅខេត្តមណ្ឌលគិរីតាមផ្លូវជាតិលេខ៧៦Aតទៅទៀតទេ ដោយអ្នកដំណើរចង់ទៅខេត្តមណ្ឌលគិរីបានគឺត្រូវទៅតាមខេត្តក្រចេះខេត្តស្ទឹងត្រែងនិងខេត្តរតនគិរី។កំណាត់ផ្លូវបាក់ស្រុតដីចូលជ្រោះខាងលើនេះគឺនៅត្រង់ចំណុចអូរងើយភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។
លោក រស់ គីមធន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឱ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២ ខែសីហាថា កំណាត់ផ្លូវជាតិលេខ៧៦A ត្រូវបានផ្អាកទាំងស្រុងតាំងវេលាម៉ោង៦ល្ងាច ថ្ងៃទី១ សីហា នៅមុនពេលបាក់ស្រុត នៅលើដងផ្លូវត្រង់ចំណុចចេញស្នាមប្រេះ។
លោក រស់ គីមធន បញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ ជំនាញពាក់ព័ន្ធបានសហការគ្នា យកគ្រឿងចក្រទៅឈូសឆាយកសាងផ្លូវវាងថ្មី នៅចំណុចដែលបាក់ស្រុត ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ប្រើប្រាស់ជាបណ្ដោះអាសន្នសិន៕ P / N