ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា មកកាន់ប្រទេសកម្ពុជាវិញហើយកាលពីព្រលប់ថ្ងៃទី២ សីហា ២០២៣ បន្ទាប់ពីកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា កត្តាជាច្រើនដែលធ្វើឲ្យសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ គឺទី១. ឆន្ទៈរបស់ក្រុមការងារ ដោយកាលពីឆ្នាំទៅ គឺនៅពពេលដែលសមាគមកាយប្ញទ្ធិនារីពិភពលោក បានចាត់ឲ្យប្រទេសជាសមាជិកចូលរួមដាក់ពាក្យស្នើសុំនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៅក្នុងសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ គឺប្រទេសកម្ពុជាបានដាក់ពាក្យចូលរួម។ ហើយក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា គឺមានឆន្ទៈ និងការតាំងចិត្តត្រូវតែធ្វើឲ្យបាន។ ទី២. យើងបានរៀបចំក្រុមការងារច្បាស់លាស់ គឺទៅតាមវិជ្ជាជីវៈរបស់យើង (ក្រុមការងារ team media) ដើម្បីរៀបចំនៅក្នុងការថតវិដេអូ និងថតអំពីកន្លែងទេសចរណ៍របស់ប្រទេសកម្ពុជា សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបង្ហាញពិភពលោកឲ្យបានស្គាល់។ ទី៣. ការគាំទ្រខ្លាំងពីសមាជិក សមាជិកា របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា។ នេះជាកត្តាដែលធ្វើឲ្យប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។
សូមជម្រាបថា លោកទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើស ប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ ២០២៦។
កម្ពុជាត្រូវបានជាប់ ក្នុងចំណោម ៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការ បានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជាក៏បានបន្តជាប់ ក្នុងចំណោម ២ ប្រទេសចុងក្រោយ គឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។
សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក។
សមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាពកម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ របស់ជនរួមជាតិ ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្តដល់ គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត៕សរន / N