ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០២ខែសីហាឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការរបស់តុលាការខេត្តបន្ទាយមានជ័យ ករណីឆបោកតាមប្រព័ន្ធបណ្តាញសង្គមហ្វេស ប៊ុក ។
យោងតាមពាក្យបណ្ដឹងឈ្មោះ ស៊ិន រ៉ាស៊ី ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថា ករណីនេះប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងថា : ជជនសង្ស័យមានឈ្មោះ សូ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកបានបន្តឱ្យដឹងថា កន្លងមក ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកឈ្មោះ Eh Ma បង្ហោះលក់ទូរសព្ទ ម៉ាក Iphone 14pro max លើបណ្ដាញហ្វេសប៊ុក ពេលនោះជនរងគ្រោះមានការចាប់អារម្មណ៍ ក៏បានឆាត(Chat) ទំនាក់ទំនងទិញទូរស័ព្ទ ក្នុងតម្លៃ ៧៨០ដុល្លារ ។ដោយជនរងគ្រោះបានវេរប្រាក់តាមរយៈភ្នាក់ងារសេវាវីង ឱ្យទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma និងលេខទូរសព្ទ ០៦៧ ៧២៧ ០៣៥ និងបានថត វិក័យប័ត្រក្រដាសវីង ផ្ញើឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ។ ក្រោយមកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma បានប្រាប់ថា រូបគេឈប់លក់ទូរសព្ទក្នុងតម្លៃ៧៨០ដុល្លារនេហហើយ គឺលក់ក្នុងតម្លៃ៨៨០ដុល្លារ ដោយឱ្យជនរងគ្រោះ វេលុយឱ្យរូបគេបន្ថែមចំនួន១០០ដុល្លា បន្ថែមទៀត ។
ជនរងគ្រោះមានការសង្ស័យ ក៏បានប្រកែកតវ៉ាមិនព្រម ហើយឱ្យជនសង្ស័យផ្ញើលុយចំនួន៧៨០ដុល្លាសរអាត្រឡប់មកឱ្យខ្លួនវិញ។ កន្លងហួសច្រើនថ្ងៃនៅតែមិនឃើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma វេលុយមកឱ្យខ្លួនវិញ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង សាលាដំបូង ខេត្ត បន្ទាយមានជ័យ បានចេញលិខិតកោះហៅជនសង្ស័យដើម្បីចូលខ្លួនបំភ្លឺ តែជនសង្ស័យមិនព្រមចូលខ្លួនតាមការកោះហៅ ទើបអយ្យការ អមសាលាដំបូងខេត្ត ចេញដីការបញ្ជាឱ្យចូលខ្លួន របស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំ ង ឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យនៅតែឆ្លើបដិសធ មិនទទួលស្គាល់កំហុសដែលប្រើល្បិចងាយៗ តែបង្កប់សារជាតិទុច្ចរឹតនេះ ប៉ុន្តែយោងអង្គហេតុ វត្ថុតាងគ្រប់គ្រាន់ កម្លាំង មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ ៕ P / N