ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីអាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិកកំពុងត្រៀមដាក់ទាហានម៉ារីននិងកងទ័ពជើងទឹកនៅលើនាវាដឹកប្រេងពាណិជ្ជកម្មឆ្លងកាត់ឈូងសមុទ្រពែក្ស ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងអ៊ីរ៉ង់ពីការរឹបអូសនាវា។
កងកម្លាំងសន្តិសុខនឹងផ្តល់ស្រទាប់ការពារបន្ថែមទៀតសម្រាប់នាវាដឹកប្រេង បន្ថែមពីលើនាវាចម្បាំងនិងយន្តហោះដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សំខាន់ជាយុទ្ធសាស្ត្រនេះ ជាកន្លែងដែលនាវាដឹកប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់។
មន្ត្រីរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “មានការខិតខំប្រឹងប្រែង…ដើម្បីប្រើប្រាស់សន្តិសុខ ដែលមានទាំងទាហានម៉ារីននិងនាវិកកងទ័ពជើងទឹកនៅលើនាវាដឹកប្រេងពាណិជ្ជកម្ម ដែលឆ្លងកាត់និងនៅជិតច្រកសមុទ្រហ័រមូស (Hormuz) ជាស្រទាប់ការពារបន្ថែមសម្រាប់នាវាងាយរងគ្រោះទាំងនេះ”។
មន្ត្រីរូបនេះបាននិយាយថា ការអញ្ជើញចាំបាច់ត្រូវធ្វើឡើង ព្រោះនាវាទាំងនោះជានាវាឯកជន ប៉ុន្តែ “យើងកំពុងស្ថិតក្រោមការរៀបចំដើម្បីធ្វើប្រតិបត្តិការ ប្រសិនបើមានកិច្ចព្រមព្រៀងចុងក្រោយណាមួយឱ្យធ្វើដូច្នេះ”។
នៅពេលសួរថាតើមានការព្រួយបារម្ភឬទេថាការដាក់ពង្រាយនេះអាចនាំឱ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងអាម៉េរិកនិងអ៊ីរ៉ង់ មន្ត្រីនោះបាននិយាយថា វាអាស្រ័យលើអ៊ីរ៉ង់ចង់ប្រឈមឬអត់។
មន្ត្រីរូបនេះបាននិយាយថា “មិនគួរមានរឿងអ៊ីចឹងកើតឡើងទាល់តែសោះ ប្រសិនបើអ៊ីរ៉ង់គោរតាមច្បាប់និងអនុវត្តតាមច្បាប់អន្តរជាតិ” ដោយបន្ថែមថា “ប្រសិនបើពួកគេវាយប្រហារ ហើយយើងមានកម្លាំងនៅលើនាវា យើងនឹងឆ្លើយតប ដូចដែលយើងគួរធ្វើ”៕
នាវា M/T Richmond Voyager កំពុងត្រូវបានកងកម្លាំងអ៊ីរ៉ង់រឹបអូសថ្មីៗនេះ