ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ផែនការ​វិល​ចូល​ស្រុក​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត​នឹងត្រូវ​ពន្យារពេល​រហូត​ដល់​ពេល​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​មួយ​ត្រូវបាន​បង្កើត​ឡើង នេះ​បើ​តាម​ប្រភព​បក្ស​ភឿ​ថៃ​បាន​បញ្ចេញ​អោយ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​អតីត​មេដឹកនាំ​ដែល​កំពុង​រស់នៅ​ដោយ​ការ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​អស់​១៥​ឆ្នាំ​រូប​នេះ​ត្រូវ​គេ​ទទួលស្គាល់​ទូទៅ​ថា​ជា​មេដឹកនាំ​តាម​ការជាក់ស្តែង​របស់​គណបក្ស​ភឿ​ថៃ​។​ដំបូង​លោក​ប្រកាស​វិល​ចូល​ស្រុក​កាលពី​ខែ​មុន និង​បន្ទាប់មក​ដូរ​មក​ថ្ងៃ​១០​សីហា​ដោយ​ទំនង​ជា​ផ្លាស់​ប្តូរ​តាម​សភាពការណ៍​នយោបាយ​។​

​តែ​ក្រោយ​សភា​លើក​ពេល​ប្រជុំ​ជ្រើសរើស​នាយករដ្ឋមន្ត្រីសំរាប់បេក្ខជន​មក​ពី​បក្ស​ភឿ​ថៃ​រហូត​ដល់​តុលាការ​ចេញ​ការសំរេច​មួយ ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​គណបក្ស​នេះ​បាន​និយាយថា ដើម្បី​ធានា​ការ​វិល​វិញ​ដោយ​រលូន ដំណើរ​វិល​ចូល​ស្រុក​របស់​លោក​ថាក់ស៊ីន​នឹង​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ទៀត​។​

​ប្រភព​ព័ត៌មាន​បាន​បន្ថែមថា លោក​ថាក់ស៊ីន​នៅ​រង់ចាំ​មើល​ការចរចា​រវាង​ភឿ​ថៃ​ជា​មួយ​គណ​បក្ស​នានា​ដើម្បី​បង្កើត​ក្រុម​ចំរុះ​ថ្មី​មួយ​។​បច្ចុប្បន្ន មាន​គណបក្ស​ធំៗគួរសមចំនួនបី​មាន​បំណង​ចូលរួម​ក្នុង​ប្លុក​ដឹកនាំ​ដោយ​ភឿ​ថៃ រួម​មាន​ភូម​ចៃ​ថៃ​(Bhumjaithai) ឆាត​ថៃ​ផា​តា​ណា​(Chartthaipattana)និង​គណបក្ស​ប្រជាធិបតេយ្យ​។​ការចរចា​កំពុង​ធ្វើ​ឡើង​ផងដែរ​ជាមួយ​គណបក្ស​ជាតិ​ថៃ​រួបរួម​(UTN)​និង​គណបក្ស​ផា​ឡាំង​ប្រចា​រ៉ា​ត​(PPRP) ។គេ​រំពឹង​គណបក្ស​តូចៗ​ជាច្រើន​ទៀត​ក៏​នឹង​ចូលរួម​ក្នុង​សម្ពន្ធភាព​ថ្មី​ដែល​គ្មាន​គណបក្ស​ឈ្នះឆ្នោត​កាវ​ក្លៃ​ឬ​ឈាន​ទៅ​មុខ(MFP)​នេះដែរ​។​

​មេ​ប៉ូលិស​ជាតិ​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ថាក់ស៊ីន​មិនបាន​ជូនដំណឹង​អំពី​ដំណើរ​ចូល​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​។​

​សូមបញ្ជាក់​ថា ថាក់ស៊ីន បាន​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ឆ្នាំ​២០០៨ នៅ​ពេល​តែ​បន្តិច​មុន​តុលាការ​សំរេច​អោយ​លោក​ជាប់គុក​ចំពោះ​ទោស​រំលោភ​អំណាច ពាក់ព័ន្ធ​នឹង​ការជួយ​សំរួល​អោយ​អតីត​ភរិយា​របស់​លោក​អាច​ទិញ​ដី​ល្អ​មួយ​កន្លែង​ក្នុង​តំលៃថោក ក្នុងពេល​លោក​នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។​

​កាលពី​សប្តាហ៍​មុន កូនស្រី​របស់​ថាក់ស៊ីន បានប្រកាសថា​ឳ​ពុក​ខ្លួន​នឹង​មកដល់​អាកាសយានដ្ឋាន​ដន​មឿង​នៅ​ថ្ងៃ​១០​សីហា តែ​បើ​តាម​លោក ជូវិត កា​ម៉ុល​វី​ស៊ីត​(Chuvit Kamolvisit)​អតីត​សេដ្ឋី​ហាង​ម៉ាស្សា បាន​អះអាង​ថា «​តើ​អ្នក​ជឿ​ថា​ថាក់ស៊ីន​នឹង​មក​ស្រុក​នៅ​ថ្ងៃ​១០​សីហា​ដើម្បី​ចូល​ដេក​គុក​?»​។​

​អ្នក​ចូលចិត្ត​ខ្សិបខ្សៀវ​រឿង​នយោបាយ​រូបនេះ​បាន​និយាយថា វា​ជា​ការខុសឆ្គង​មួយ​ដែល​នាំគ្នា​គិតថា​ប៉ូលិស​នឹង​ទៅ​ទទួល​មេដឹកនាំ​ជាក់ស្តែង​របស់​ភឿ​ថៃ​រូបនេះ​ពី​អាកាសយានដ្ឋាន​ទៅ​បំពេញ​ទោស​ជាប់​គុក​១០​ឆ្នាំ​។​« បើ​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ពិតជា​ចង់​​មក​ទោះ​ជា​ជាប់គុក​ក្តី គាត់មិន​រង់ចាំ​អស់​១៥-១៦​ឆ្នាំកន្លងមកនេះ​ទេ​»​។​

​លោក​ជូ​វីត​បាន​បង្ក​ការចាប់អារម្មណ៍​ថ្មី​មួយ​ទៀត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ពេល​លោក​បង្ហោះ​សារ​មួយ​និយាយ​ថា ថាក់ស៊ីន​ដូរ​ផែនការ​វិល​ចូល​ស្រុក​ដោយ​រង់ចាំ​មើល​ស្ថានការណ៍​នយោបាយ​ថ្មី​មួយ​៕

​ថាក់ស៊ីន​បាន​អះអាង​ជា​ច្រើន​ដង​ថា​លោក​ត្រូវ​តែ​ចូល​ស្រុក​នៅ​ខែ​កក្កដា​កន្លងទៅ តែ​បាន​ដូរ​កាលបរិច្ឆេទ​វិល​មក​ស្រុក​ជា​បន្តបន្ទាប់​ដោយ​រង់ចាំ​មើល​សភាពការណ៍​នយោបាយ​