ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​១៤​នាក់​ទៀត​រងរបួស​ក្នុង​ការវាយប្រហារ​ដោយ​ការចាក់​នឹង​កាំបិត​នៅ​ផ្សារ​ក្បែរ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ជិត​ក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នៅ​ផ្សារ AK Plaza ជិត​ស្ថាន​នី​យ​សេ​អូហ្សុន​( Seohyeon)​នៅ​ទីប្រជុំជន​សេ​អូន​ណា​ម​( Seongnam)​។​

​បុគ្គលិក​ឆ្លើយតប​គ្រាអាសន្ន​សង្គ្រោះ​អ្នករងរបួស ក្រោយ​បុរស​ម្នាក់​វាយប្រហារ​ដោយ​កាំបិត​

​ផ្នែក​ឆ្លើយតប​គ្រាអាសន្ន​បានទទួល​ការហៅ​ទូរស័ព្ទ​មក​ថា «​បុរស​ម្នាក់​ចាក់​មនុស្ស​»​។​

​កាសែត​ជូន​ជែង ដេល្លី​(JoongAng Daily )​បាន​រាយការណ៍​ថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​។​របាយការណ៍​សារព័ត៌មាន​ខ្លះទៀត​បាន​ពណ៌នា​ជន​នេះ​ថា​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ប្លាយ ជា​អ្នកដឹ​ជញ្ជូន​ទំនិញ​និង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​(​វិកលចរិត​)​។​

​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ក៏​បាន​និយាយថា រថយន្ត​មួយ​បាន​បើក​បុក​ចិញ្ចើមផ្លូវ​ហើយ​បុរស​ម្នាក់​បាន​ហក់​ចេញ​មក​សំដៅ​ទៅ​កាន់​ផ្សារ​ក្បែរ​នោះ ហើយ​របាយការណ៍​មុននេះ​បាន​និយាយថា ជនសង្ស័យ​បាន​បើករថយន្ត​បំបុក​មនុស្សបណ្តាល​អោយ​របួ​ស​បួន​នាក់​មុន​ចេញពី​រថយន្ត​សំដៅ​ផ្សារ​មួយ​នៅក្បែរនោះ​និងចាក់អោយរបួសមនុស្សប្រាំបួននាក់។

​ហេតុផល​ចំពោះ​ការវាយប្រហារ​នេះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែ​សារព័ត៌មាន​News1​បាន​ស្រង់​សម្តី​របស់​មេ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​ដែលថា ឧបទ្ទវហេតុ​នេះ​ត្រូវបាន​ចាត់ទុកជា​«​អំពើ​ភេរវកម្ម​»​។​

​ប៉ូលិស​បិទ​តំបន់​លក់ដូរ​ក្នុង​ផ្សារ​ផ្លូវ​ក្រោយ​ដី​មួយ កន្លែង​ដែល​មាន​ការចាក់​មនុស្ស​កាលពី​ថ្ងៃ​៣​សីហា ទីប្រជុំជន​សេ​អូន​ណា​ម​

​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កើតឡើង​ពីរ​សប្តាហ៍​ក្រោយ​មាន​ការវាយប្រហារ​ចាក់​ដោយ​កាំបិត​មួយទៀត​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​បីនាក់​៕