ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ នាថ្ងៃព្រឹកទី០៤ ខែសីហា ឆ្នាំ២០២៣ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកអនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីជំនាញបសុពេទ្យ និងភ្នាក់ងារសុខភាពសត្វភូមិ និងមានកិច្ចសហការចូលរួមដោយមន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ប្រចាំស្រុកកំពង់ស្វាយ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្លងសត្វគោក្របីជូនដល់ប្រជាកសិករចិញ្ចឹមសត្វ។
លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា ជាលទ្ធផលក្រុមការងារយើងសម្រេចចាក់បានសត្វគោក្របីចំនួនសរុប២០០ក្បាល ដែលស្ថិតនៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាប់មកលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាលខេត្ត ក៍បានប្រគល់ជូននូវ វ៉ាក់សាំងសារទឹកចំនួន៤.០០០កម្រិត វ៉ាក់សាំងអ៊ុតក្តាមចំនួន២.០០០កម្រិត និងថ្នាំព្យាបាលសត្វមួយចំនួនដល់មន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វ និងផលិតកម្មសត្វប្រចាំស្រុក សម្រាប់ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះយុទ្ធនាការចាក់ជូនប្រជាកសិករចិញ្ចឹមសត្វនៅក្នុងមូលដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថាលោក ចាន់ បញ្ញាវ័ន្ត បានដឹកនាំនិស្សិតចុះកម្មសិក្សា អនុវត្តផ្ទាល់ មកពីវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ចំនួន០៧នាក់ ដើម្បីបង្រៀនបច្ចេកទេសសម្រាប់ចាក់វ៉ាក់សាំងដល់សត្វគោក្របី។ បន្ទាប់មកទៀតលោកបានបន្តដំណើរចុះពិនិត្យ តាមដានស្ថានភាពកំពស់ទឹកតាមដងស្ទឹងសែន និងត្រៀមទីទួលសុវត្ថិភាពដើម្បីជម្លៀសសត្វពេលទឹកជំនន់៕/PC