ដោយ:បូកគោ/កំពត: ដោយសារអាកាសធាតុមិនល្អអូសបន្លាយរយ:ពេលយូរថ្ងៃបានធ្វើឱ្យអ្នកនេសាទក្នុងខេត្តកំពតភាគច្រើនមិនអាចចេញទៅសមុទ្រដើម្បីរកប្រាក់កម្រៃសម្រាប់គ្រួសារ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា របរនេសាទសមុទ្រជាការងារសំខាន់ក្នុងវិស័យជលផលដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការម្ហូបអាហារក្នុងខេត្ត ក៏ដូចជាចែកចាយទៅបណ្តាខេត្តនានា តែដោយសារអាកាសធាតុមិនអំណោយផលចាប់តាំងពីថ្ងៃទី២៩ ខែកក្កដារហូតដល់ពេលនេះ ទូកនេសាទចេញទៅសមុទ្រមានប្រមាណត្រឹមតែ៣០ ភាគរយប៉ុណ្ណោះក្នុងចំណោមទូកចំនួន១.០៥៣គ្រឿងទូទាំងខេត្ត។
លោកបានបន្តថា នៅសមុទ្រមានខ្យល់ខ្លាំង និងទឹកហូរលឿន ហើយជំនន់ទឹកភ្លៀងបានហូរនាំទឹកសាបចូលធ្វើឱ្យការនេសាទមិនសូវបានផល។
លោកនាយខណ្ឌបានបន្តថា អំឡុងពេលទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហានេះក្រោមការណែនាំពីប្រធានមន្ទីរកសិកម្ម និងលោកអភិបាលខេត្ត មន្ត្រីជលផលបានដាក់កម្លាំងបន្ថែមដើម្បីចេញល្បាតឃ្លាំមើលសភាពការណ៍ទូទៅនៅលើផ្ទៃសមុទ្រ ពិសេសត្រៀមការពារសុវត្ថិភាពប្រជានេសាទក្នុងករណីមានហេតុការណ៍មិនល្អកើតឡើង។ជាមួយនេះ លោកសូមអំពាវនាវដល់ប្រជានេសាទត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមានឧបករណ៍សម្ភារៈត្រៀមទុកក្នុងទូករៀងៗខ្លួនសម្រាប់ការពារសុវត្ថិភាព។
លោក ស សូរិន បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ផលនេសាទក្នុងខេត្តកំពតដែលទទួលបានមាន១០.៩៥០ តោន ក្នុងនោះផលនេសាទទឹកសាបប្រមាណ១.៧១០ តោន និងផលនេសាទសមុទ្រ៩.២៤០តោន៕/PC