ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ប្រភពបានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកការស៊ើបអង្កេត រយៈពេលជាងបួនខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំងជនជាតិចិន(តៃវ៉ាន់)មួយក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ–កម្ពុជាបន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រាំមួយនាក់ ភេទប្រុសជនជាតិចិន (តៃវ៉ាន់) និងគ្រឿងញៀនជិត ៨០០គីឡូក្រាម។
ប្រភពដដែលបន្តថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជាពីរក្រុម ។
ក្រុមទី១.នៅវេលាម៉ោង ០២:៣០(យប់) ថ្ងៃទី០១ ខែសីហា បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង–ខេត្តព្រះសីហនុ ។ ដោយបានឃាត់ជនសង្ស័យពីរនាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២និង២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧និងចាប់យកវត្ថុតាង :១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩គីឡូក្រាមនិង៧៨១ក្រាម,រថយន្តមួយគ្រឿង ទូរស័ព្ទពីរគ្រឿង។
ចំណែកក្រុមទី២. នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី ០១ ខែសីហា នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយឃាត់ជនសង្ស័យ បួននាក់ ភេទប្រុសជនជាតិចិន (តៃវ៉ាន់) ។ក្នុងនេះ ៖១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ,២.ឈ្មោះ CHAN I YANG កើតឆ្នាំ១៩៨៩,៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧,៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។ សមត្ថកិច្ចចាប់យកវត្ថុតាងរថយន្តបីគ្រឿង ,ម៉ូតូពីរគ្រឿង, ទូរស័ព្ទប្រាំគ្រឿង.គណនីធនាគារប្រាំបីគណនី ។
សរុបលទ្ធផលប្រតិបត្តិការខាងលើមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រាំមួយនាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)និងវត្ថុតាង មាន៖សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩គីឡូក្រាម៧៨១ក្រាម,រថយន្តបួនគ្រឿង ម៉ូតូពីរគ្រឿង ទូរស័ព្ទ ប្រាំពីរគ្រឿង គណនីធនាគារប្រាំបីគណនី ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕/PC