រញ្ជួយ​ដី​នៅ​កោះ​ឡុ​ម​បុក​របស់​ឥណ្ឌូនេស៊ី​សម្លាប់​មនុស្ស​១៤​នាក់​និង​របួស​១៦២​នាក់​

871
ចែករម្លែក

មនុស្ស​១៤​នាក់​បាន​បាត់​បង់ជីវិត​និង​១៦២​នាក់​រងរបួស តែ​ចំនួន​ស្លាប់​អាច​កើនឡើង​ក្រោយ​រញ្ជួយ​ដី​ខ្លាំង​មួយ​វាយប្រហារ​កោះ​កម្សាន្ត​ឡុ​ម​បុក នៅ​ខាងកើត​កោះ​បាលី​។​

​រញ្ជួយ​ដី​កំលាំង​៦,៤​រិ​ច្ឆ​ទ័​រ បាន​វាយប្រហារ​កោះ​ទេសចរណ៍​ឡុ​ម​បុក​កាលពី​ព្រលឹម​ថ្ងៃអាទិត្យ​ទី​២៩​កក្កដា ខណៈ​ប្រជាជន​នៅ​ដេក​នៅឡើយ និង​បាន​បញ្ជូន​អ្នកភូមិ​អោយ​​ភៀសខ្លួន​ចេញពី​គ្រែ​ដេក​របស់គេ​ដើម្បី​គេច​ពី​អាគារ​ដែល​អាចរ​លំបាក់​។​

​រញ្ជួយ​ដី​នេះ​បាន​បង្ក​របួស​មនុស្ស​១៦២​នាក់ និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​។​អគ្គិសនី​ត្រូវ​កាត់ផ្តាច់​នៅ​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​សេម​បា​លុម តំបន់​ដាំ​ស្រូវ​និង​ជា​ជម្រាលភ្នំ​Mount Rinjani នៅ​ប៉ែក​ខាងជើង​នៃ​កោះ​។​

​រញ្ជួយ​ដី​កំលាំង​៦,៤​រិ​ច្ឆ​ទ័​រ​មួយ​ត្រូវបាន​គេ​គិតថា​ខ្លាំង​និង​អាច​បង្ក​ការខូចខាត​គួរសម ហើយ​រញ្ជួយ​ដី​នៅ​ឡុ​ម​បុក​ពេលនេះ​ស្នូល​របស់​វា​នៅ​ជំរៅ​តែ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​​ដែល​អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​។​

​បើតាម​ទីភ្នាក់ងារ​ភូមិសាស្ត្រ​និង​រញ្ជួយ​ដី​ឥណ្ឌូនេស៊ី មាន​រំ​ញ័រ​តិចៗ​ជិត​៨០​លើក​ទៀត​ក្រោយ​ការរញ្ជួយ​ធំ ហើយ​រំ​ញ័រ​ខ្លាំងជាងគេ​គឺ​៥,៧​រិ​ច្ឆ​ទ័​រ​។​

​រញ្ជួយ​ដី​នេះ​ស្ថិតនៅ​លើដី ដូច្នេះ​វា​មិន​បង្ក​រលក​ស៊ូណាមិ​ទេ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម