​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple បាន​បាត់បង់​តំណែង​ជា​ក្រុមហ៊ុន​តែមួយគត់​របស់​ពិភពលោក​ដែល​មាន​តម្លៃ​ទីផ្សារ ៣ ទ្រី​លាន​ដុល្លារ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ព្រមាន​ថា​ខ្លួន​កំពុង​ឆ្ពោះទៅរក​ការលក់​ធ្លាក់ចុះ​បួន​ត្រីមាស​ជាប់ៗ​គ្នា​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​បិទ ដោយ​ធ្លាក់​ចុះ ៤,៨ ភាគរយ មក​នៅត្រឹម ១៨១,៩៩ ដុល្លារ​ក្នុង​មួយ​ហ៊ុន ដោយ​រលាយបាត់​អស់​ជាង​១៤០ ពាន់​លាន​ដុល្លារ​ពី​មូលធន​ប័ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន នៅក្នុង​ការធ្លាក់ចុះ​ភាគរយ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រហូតមកទល់​ពេលនេះ​ក្នុង​ឆ្នាំនេះ​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់ចុះ​ជា​ចម្បង ដោយសារ​តែ​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រាក់ចំណេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តម្រូវការ​បន្ត​ធ្លាក់ចុះ​សម្រាប់​ទូរស័ព្ទ iPhone របស់ខ្លួន ជាពិសេស​នៅក្នុង​ទីផ្សារ​អភិវឌ្ឍន៍​។​

​ទោះបីជា​ក្រុមហ៊ុន Apple នៅតែ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក​ក៏​ដោយ ក៏​វា​នៅតែ​មាន​ន័យ​ថា​ក្រុមហ៊ុន​ផលិត iPhone បាន​បាត់បង់​មកុដ​ជា​ក្រុមហ៊ុន​មានតម្លៃ ៣ ទ្រី​លាន​ដុល្លារ​នៃ​តម្លៃ​ទីផ្សារ ដែល​ជា​រង្វាស់​តម្លៃ​ដែល​បូក​សរុប​តម្លៃ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​។​

​ទោះបីជា​ការលក់ iPhone ធ្លាក់​ចុះ​ក៏​ដោយ ក៏ប៉ុន្តែ​អាជីវកម្ម​សេវាកម្ម​របស់​ក្រុមហ៊ុន Apple គឺជា​ចំណុច​ភ្លឺស្វាង និង​បាន​ជួយ​ក្រុមហ៊ុន​ឱ្យ​មាន​ការរំពឹងទុក​ប្រាក់​ចំណេញ​ខ្ពស់​បំផុត​សម្រាប់​ត្រីមាស​ខែមិថុនា​៕

ភាគហ៊ុន Apple ធ្លាក់ចុះ ៤,៨% ដែល​ជា​ការធ្លាក់​ចុះ​ធំ​បំផុត​ក្នុងពេល​តែ​១​ថ្ងៃ