ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្លិបតោខៀវ Chelsea បានប្រកាសថា ខ្លួនបានចុះហត្ថលេខាទិញខ្សែការពារបារាំង អាស៊ែល ឌីសាស៊ី (Axel Disasi) ពី Monaco កាលពីថ្ងៃសុក្រ។
កីឡាករឌីសាស៊ី វ័យ ២៥ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយក្លិបនៅ Premier League នេះ ដែលស្ថិតនៅក្នុងទីផ្សារសម្រាប់ខ្សែការពារកណ្តាល បន្ទាប់ពីកីឡាករ វេស្លី ហ្វូហ្វាណា (Wesley Fofana) ទទួលការវះកាត់សរសៃពួរជង្គង់។
ឌីសាស៊ីបានបង្ហាញខ្លួនជាលក្ខណៈអន្តរជាតិជាលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុននៅប្រទេសកាតា។
រូបគេបាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ក្លិបថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលអាចក្លាយជាផ្នែកមួយនៃគ្រួសារដ៏អស្ចារ្យនេះ ហើយខ្ញុំសង្ឃឹមថានឹងសម្រេចបាននូវរឿងធំៗនៅទីនេះដើម្បីឈ្នះពាន។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីសម្រេចបាននូវគោលបំណងទាំងនោះ។ ខ្ញុំមានមហិច្ឆតាខ្លាំងណាស់”។
ឌីសាស៊ីបានបង្ហាញខ្លួនចំនួន ១២៩ ប្រកួត និងស៊ុតបញ្ចូលទីបាន ១២ គ្រាប់សម្រាប់ Monaco បន្ទាប់ពីផ្ទេរពី Reims ក្នុងឆ្នាំ ២០២០។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនិងបារាំងបានរាយការណ៍ថាតម្លៃផ្ទេរគឺ ៤៥ លានអឺរ៉ូ (៤៩ លានដុល្លារ)៕
ខ្សែការពារបារាំង អាស៊ែល ឌីសាស៊ី