ដោយៈប.ខុន/ភ្នំពេញៈ សំណង់ស្ទាក់ទឹកមង្គលបូរីនៅចំណុច ពោធិ៍ពីរ ដើម ដែលសាងសង់រួចដោយក្រសួងធនធានទឹកនិង ឧតុនិយម កាល ពីឆ្នាំមុនតែមិនទាន់បានបំពាក់ឧបករណ៍បញ្ជាបិទបើកទ្វារទឹកនោះ ក្នុងន័យរក្សាទឹកទុកសម្រាប់ស្រោចស្រពដំណាំស្រូវ១៥.៥០០នៅក្នុងស្រុកមង្គលបូរីឱ្យបានទាន់ពេលវេលា នៅថ្ងៃទី៥ខែសីហានេះ ក្រុម ការងារមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបន្ទាយមានជ័យ បាន ទម្លាក់សន្លឹកទ្វារដោយប្រើឡានស្ទួចដើម្បីទប់មិនឱ្យទឹកហូរចូលទៅបឹងទន្លេសាបអស់។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយ មានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃទី៥ខែសីហានេះ ក្រុមការងារមន្ទីរធន ធានទឹក ខេត្តបន្ទាយមានជ័យបានប្រើប្រាស់រថយន្តស្ទួចទម្លាក់ទ្វារទឹកនៅសំណង់ស្ទាក់ទឹកពោធិ៍ពីរដើម ដើម្បីបញ្ចាល់ទឹកទុកឱ្យបានទាន់ពេលវេលា សម្រាប់ស្រោចស្រពដំណាំស្រូវវស្សាប្រមាណជា១៥.៥០០ហិកតា នៅក្នុងស្រុកមង្គលបូរី។
លោកប្រធានមន្ទីរបានបញ្ជាក់ថាសំណាង់ស្ទាក់ទឹកស្ទឹងមង្គលបូរីនៅចំណុចពោធិ៍ពីរនេះត្រូវបានសាងសង់ឡើងដោយក្រសួងធនធានទឹកកាលពីឆ្នាំមុនបានរួចរាល់ហើយ តែមិនទាន់បានបំពាក់ឧបករណ៍ បញ្ជាបិទ បើកទ្វារទឹកនៅឡើយ។ដោយសារពេលនេះទឹកមាន ច្រើនហើយ កុំឱ្យ ហូរធ្លាក់ចូលទៅបឹងទន្លេសាបអស់ក្រុមការងារបានសម្រេចទម្លាក់សន្លឹកទ្វារចុះប្រើឡានស្ទួចដើម្បីទប់ទឹកទុកប្រើ បើមិនដូច្នេះទេទឹកនឹងហូរ ចូលបឹងទន្លេសាបអស់។
លោកយឹម ប៊ុនរ៉ុម បាននិយាយឱ្យដឹងផងដែរថាសំណង់ស្ទាក់ទឹកពោធិ៍ពីរដើមដែលបានធ្វើរួច តែមិនទាន់បានបំពាក់ឧបករណ៍បញ្ជាបិទបើកទ្វារទឹកនេះជាសំណង់មួយមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្ទាក់ទឹកទុកឱ្យស្ថិតនៅខាងលើផ្លូវជាតិលេខ៥ដើម្បីបែងចែកចូលទៅតាមប្រព័ន្ធនានា មិនឱ្យធ្លាក់ចូលទៅបឹងទន្លេសាប៕សរន / N