ដោយៈប.ខុន/ភ្នំពេញ៖ ឧបករណ៍នេសាទខុសច្បាប់រួមមានរបាំងកាត់ទទឹងព្រែកចំនួន៣របាំងប្រវែង៤៥ម៉ែត្រ លប បូមចំនួន៥គ្រឿងលូស្បៃងមុងចំនួន១៨មាត់របាំងព្រួលស្បៃមុងប្រវែង១.០៨០ម៉ែត្រ និង បង្កោលចម្រឹងចំនួន៣៩០ដើមត្រូវបានដុតបំផ្លាញចោលដោយខណ្ឌរដ្ឋបាលជលផលព្រៃវែង។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៣ថា ក្រុមការងាររដ្ឋបាលជលផលផ្នែករដ្ឋបាលជលផលកំពង់លាវ សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកពោធិរៀង និង សហគមន៍នេសាទកន្ទិលសែនជ័យ នៅថ្ងៃទី៥ខែសីហានេះបានចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផល ដោយបានរកឃើញបទល្មើសចំនួន២ករណីត្រូវបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
នៅក្នុងរបាយការរបស់រដ្ឋបាលជលផលខាងលើបានសរសេរថាមួយករណីស្ថិតនៅចំណុចកន្ទិលតូច ភូមិអន្លង់ទ្រាឃុំព្រែកជ្រៃវត្ថុតាងដែលបានរកឃើញមានរបាំងកាត់ទទឹងព្រែកចំនួនបីរបាំង ប្រវែង៤៥ម៉ែត្រ បង្កោលឬស្សីចំនួន៣០ដើម លប និងបូមចំនួន៥គ្រឿង ។
ករណីទី២នៅចំណុចបិតមួក ភូមិបាក់ដោក ឃុំព្រែកជ្រៃ វត្ថុតាងត្រូវបានរុះរើនិងបំផ្លាញចោលរួមមានលូស្បៃងមុងចំនួន១៨មាត់របាំងព្រួលស្បៃមុងប្រវែង១.០៨០ម៉ែត្រ បង្កោលចម្រឹងចំនួន៣៦០ដើម ត្រូវបានដុតបំផ្លាញចោលនិងចាក់លែងកូនត្រីចម្រុះ១៥គីឡូក្រាម៕សរន-pc