ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបាន​អបអរសាទរ​ចំពោះជ័យ​ជម្នះ​ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបាន​កោតសរសើរអំពី​តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេ្ទសក៍ដ៏ឆ្នើម​ដែលបង្ហាញពី​ការជឿជាក់ និងការ​គាំទ្រខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយជឿជាក់ថា កម្ពុជានឹង​បន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត។

ការអបអរសាទរនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជាតាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ប្រភពសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តម ង្វៀន ហ្វូចុង ក៏បានសម្ដែងនូវការ​គាំទ្រ​​យ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញា​រួមគ្នារក្សាពូនជ្រុំ និងបង្កើនទាក់ទំនងដ៏ល្អប្រសើរ រវាង​គណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ចំណែកសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ង្វៀន ហ្វូចុង ដែលបានផ្ញើលិខិតអបអរសាទរ និងជូនពរតាមទូរស័ព្ទចំពោះសម្ដេច និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត​មកកាលទី៧ ឆ្នាំ២០២៣ ដែលជាសន្តិភាព នៃសាមគ្គីភាព និងការតភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង​រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំ​របស់គណបក្សកុម្មុយនីស្តវៀតណាម ក្រោមការដឹកនាំ របស់ឯកឧត្តម ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើន​ឥត​ឈប់ឈរក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើកកម្ពស់កិត្យានុភាព នឹងតួនាទីកាន់តែមានសារៈសំខាន់របស់វៀតណាមក្នុង​វេទិកា​ជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ង្វៀន ហ្វូចុង ដែលបាន​សម្តែងអំពីការ​ជឿជាក់ និងគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីដែលទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍ពិភពលោកមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ មិនប្រាកដប្រដា ដូចជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃ ការបន្តកិច្ចសហប្រតិបត្តិការឱ្យ​កាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជា​ប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកដោយប្រពៃណីដែលជាកត្តាចាំបាច់បំផុត ក្នុង​បុព្វហេតុនៃការបង្រួបបង្រួមជាតិ បូរណភាពទឹកដី និងការំដោះប្រជាជន ព្រមទាំងការកសាង និងអភិវឌ្ឍប្រទេសទាំងពីរ។

ទន្ទឹមនេះដែរថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ក្នុងការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីវៀនសូត្រ និងដកស្រង់បទ​ពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបញ្ជ្រាបការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្រ្ត ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់​ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌពហុភាគីរួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់​កិច្ចសហការជិតស្និទ្ធជាមួយគ្នា ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្ដិភាពស្ថិរភាព និងវិបុលភាព។

នៅចុងបញ្ចប់សម្តេចតេជា ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការ និងថ្នាក់ដឹក​នាំ​ដទៃទៀតនៃ​បក្ស​កម្មុយនិស្តវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្រប។ ទន្ទឹមនោះដែរឯកឧត្តម ង្វៀន ហ្វូចុង បានទទួលយក​ការអញ្ជើញ និងបានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំ កម្ពុជាទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕សរន / N