ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ថ្លៃប្រេងឆៅបានកើនឡើងដល់កំរិតខ្ពស់បំផុតគិតចាប់តាំងពីពាក់កណ្តាលខែមេសាក្រោយពីប្រទេសផលិតនាំចេញប្រេងកំពូលៗ រួមមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី តាំងចិត្តបន្ថយការផលិតប្រេងមួយខែទៀតជាហេតុនាំការផ្គត់ផ្គង់ប្រេងនៅទីផ្សារពិភពលោកកាន់តែតានតឹង។
ប្រេងឆៅម៉ាកBrentកើនឡើង២៥សេនដល់ថ្លៃ៨៦,៤៩ដុល្លារក្នុងមួយបារ៉ែល(មួយធុងចំណុះ១៥៨,៩៨៧លីត្រ)នៅពេលប្រេងWTIនៅអាម៉េរិកឡើង២៣សេនដល់៨៣,០៥ដុល្លារក្នុងមួយបារ៉ែល។
ប្រេងឆៅម៉ាកទាំងពីរបានឡើងថ្លៃដល់សប្តាហ៍ទីប្រាំមួយជាប់ៗគ្នាកាលពីពេលបិទផ្សារកាលពីសប្តាហ៍មុន ជាកំណើនថ្លៃដ៏វែងបំផុតគិតចាប់តាំងពីខែធ្នូឆ្នាំ២០២១ ដល់មករាឆ្នាំ២០២២។
កក្តាជាច្រើននាំអោយប្រេងឡើងថ្លៃនៅប៉ុន្មានសប្តាហ៍មកនេះ រួមមានការដំឡើងអត្រាការប្រាក់អាម៉េរិក ការកាត់បន្ថយផលិតកម្មប្រេងពីក្រុមប្រទេសផលិតនិងនាំចេញកំពូលៗហៅថាOPEC+ និងក្តីសង្ឃឹមនឹងមានការបញ្ចេញលុយដើម្បីជំរុញតំរូវការប្រេងនៅក្នុងប្ររទេសនាំចូលប្រេងកំពូល(ចិន)។
ប្រទេសនាំចេញប្រេងច្រើនជាងគឺ គឺអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុនបានបន្តកាត់បន្ថយការផលិតប្រេង១លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងខែកញ្ញា និងបានបន្ថែមថាខ្លួនអាចបន្ថែមការកាត់បន្ថយហួសពីកាលបរិច្ឆេទនេះ។
នៅខែកញ្ញា ការផលិតប្រេងនៅអារ៉ាប៊ីសាអូឌីតនឹងនៅត្រឹមប្រមាណ៩លានបារ៉ែលក្នុងមួយថ្ងៃ។
ក្នុងពេលជាមួយគ្នា រុស្ស៊ីបាននិយាយថាខ្លួននឹងកាត់បន្ថយការនាំចេញប្រេង៣០០.០០០ក្នុងមួយថ្ងៃនៅខែកញ្ញា។បន្ថែមលើនេះ នាវាដឹកប្រេងមួយរបស់រុស្ស៊ីបានខូចខាតធ្ងន់ដោយការវាយប្រហារពីដ្រូនអ៊ុយក្រែននៅមូលដ្ឋានទ័ពជើងទឹកសមុទ្រខ្មៅ។មូលដ្ឋាននេះបំរើជាកំពង់ផែនិងទទួលការផ្គត់ផ្គង់ប្រេង២ភាគរយលើលោក។
អ្នកវិភាគទីផ្សារនៅធនាគារANZបាននិយាយថា «ការព្រមានអំពីការបន្តនិងកាត់បន្ថយការផ្គត់ផ្គង់ប្រេងថែមទៀតធ្វើអោយប៉ះពាល់ទីផ្សារប្រេង។ការផ្គត់ផ្គង់កាន់តែតិចនិងស្តុកប្រេងធ្លាក់ចុះជាកក្តានាំអោយប្រេងឡើងថ្លៃនៅប៉ុន្មានសប្តាហ៍មកនេះ»។
ធីណា តេង( Tina Teng ) អ្នកវិភាគនៅក្រុមហ៊ុនCMC Markets បានកត់សំគាល់ថា កាត់កាត់បន្ថយការផ្គត់ផ្គង់របស់OPEC+ វិធានការជំរុញសេដ្ឋកិច្ចចិនគួបផ្សំនឹងទស្សនវិស័យសេដ្ឋកិច្ចល្អប្រសើរឡើងនៅអាម៉េរិកកំពុងរុញថ្លៃប្រេង។
ឥឡូវពួកវិនិយោគិនកំពុងតាមដានមើលទិន្នន័យសេដ្ឋកិច្ចចិននៅសប្តាហ៍នេះដើម្បីវាស់វែងវិធានការជំរុញសេដ្ឋកិច្ចធំបំផុតទីពីរក្នុងលោកមួយនេះ៕