ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីភ្នាក់ងារសារព័ត៌មាន PA និយាយថា ខាយលៀន អឹមបាប៉េ (Kylian Mbappe) នឹងត្រូវរារាំងពីការហ្វឹកហាត់ជាមួយក្រុមជម្រើសដំបូងរបស់ Paris St Germain ខណៈជម្លោះកិច្ចសន្យារបស់គេជាមួយក្លិបនៅតែបន្ត។
PSG ត្រឡប់មកមូលដ្ឋានហ្វឹកហាត់របស់ពួកគេវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទេសចរណ៍មុនបើករដូវកាលរបស់ពួកគេនៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង ប៉ុន្តែអឹមបាប៉េនឹងក្លាយជាផ្នែកមួយនៃក្រុមហ្វឹកហាត់ស្រាលៗ ជាជាងក្រុមជម្រើសដំបូង ខណៈដែលការប្រឈមមុខជាមួយក្លិបកំពុងបន្ត។
ប្រភពពី PSG នៅតែជឿជាក់ថាកីឡាករដែលផុតកុងត្រានៅរដូវក្ដៅឆ្នាំក្រោយនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរដោយគ្មានតម្លៃខ្លួនជាមួយ Real Madrid រួចទៅហើយ។
អ្នកគ្រប់គ្រងរបស់អឹមបាប៉េត្រូវបានគេដឹងថាបានបដិសេធមិនចូលរួមជាមួយសំណើពីក្លិបដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលមានលក្ខខណ្ឌលក់មានតម្លៃខ្លួន ដែលនឹងអនុញ្ញាតឱ្យរូបគេចូលរួមជាមួយក្លិបផ្សេងទៀតក្នុងតម្លៃថ្លៃកប់ពពកនៅរដូវក្តៅក្រោយ។
តាមទស្សនៈរបស់ PSG វាគ្មានហេតុផលអ្វីដែលរូបគេនឹងបដិសេធសំណើនេះទេ ព្រោះវាផ្តល់ឱកាសឱ្យគេចាកចេញនៅពេលដែលគេចង់ និងចូលរួមជាមួយក្លិប ដែលគេចង់។
PSG បានផ្តល់ការអនុញ្ញាតឱ្យក្លិប Al Hilal និយាយទៅកាន់កីឡាកររូបនេះ បន្ទាប់ពីពួកគេបានដាក់សំណើដេញថ្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២៥៩ លានផោនកាលពីខែមុន ប៉ុន្តែអឹមបាប៉េបានបដិសេធមិនព្រមជួបជាមួយប្រតិភូមកពីក្លិបអារ៉ាប៊ីសាអូឌីត ដែលបានហោះហើរមកកាន់ទីក្រុងប៉ារីស។
Chelsea និង Barcelona ត្រូវគេដឹងថាជាក្លិបពីរក្នុងចំណោមក្លិបជាច្រើន ដែលកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងទិញកីឡាកររូបនេះបូកនឹងការថែមជូនកីឡាករបន្ថែម។
PSG នឹងចាប់ផ្តើមយុទ្ធនាការ Ligue 1 ឆ្នាំ ២០២៣/២៤ របស់ពួកគេនៅផ្ទះ Lorient នៅថ្ងៃសៅរ៍៕
អឹមបាប៉េនឹងចូលហ្វឹកហាត់ស្រាលៗ មិនមែនជាមួយក្រុមជម្រើសដំបូងរបស់ PSG