ដោយ៖តារារិទ្ធ/ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣ នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណាព្រះបាទសម្តេច ព្រះរបមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមបណ្ឌិត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ នៅក្នុងសារលិខិតឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានប្តេជ្ញាបំពេញបេសកកម្មប្រកបដោយសេចក្តីស្មោះត្រង់និងការទទួល ខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។

ក្នុងសារលិខិតឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានក្រាបថ្វាយព្រះមហាក្សត្រថា៖ “ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការនិង ដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងទូលព្រះ បង្គំជាខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះ គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់ទូលព្រះបង្គំជាខ្ញុំ ដោយទទួលបាន ឱកាសដ៏វិសេសវិសាលក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ”។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា«ឆ្លើយតបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀប ចំសមាសភាពរាជរដ្ឋាភិបា លដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តមដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រ តីនៃស្ថាប័នជាតិ »។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាឱកាស ដ៏ថ្លៃថ្លានេះនិងជាមួយជំនឿទុកចិត្តពីសំណាក់ជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋ សភាសូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះប្រកបដោយវីរភាព, សេច ក្តីស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា,ការ បន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកា យពលមាំមួន ព្រះបញ្ញាញា ណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់មាតុ ភូមិកម្ពុជា និងប្រជារាស្រ្តជាកូន ចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្របំផុតកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសេចក្តីគោរពដ៏ខ្ពង់ ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ ៕