ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងកាលពី រសៀល ថ្ងៃទី៧ ខែកក្កដាថា៖ ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបើកឱ្យប្រើប្រាស់បណ្ដោះអាសន្នហើយ ចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣។

គួររម្លឹកថា៖ កំណាត់ផ្លូវជាតិលេខ៧៦ (ខេត្តមណ្ឌលគិរី – ភ្នំពេញ) ត្រូវបានផ្អាក ចរាចរណ៍ ជាបណ្ដោះអាសន្ន ដោយសារការបាក់ស្រុតផ្លូវ មិនអាចចរាចរណ៍បាន។

ជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី ១ ខែសីហា នៅស្រុកអូរាំង ទៅស្រុកកែវសីមា បណ្ដាលឱ្យបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះគីឡូម៉ែត្រ​លេខ ៩១ ដល់ ៩៩ ផ្លូវជាតិលេខ៧៦ ដែលផ្លូវត្រូវបានកាត់ផ្ដាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបាន សម្រាប់យានយន្តគ្រប់ប្រភេទ។

រដ្ឋបាលខេត្ត បានបិទចរាចរណ៍បណ្ដោះអាសន្នចាប់ពីថ្ងៃទី ១ ខែសីហា ដោយប្រាប់អ្នក ដំណើរ រកផ្លូវវាងទៅតាមខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី៕ V / N