ដោយៈ សុផល / ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាពវិនិយោគ របស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness)។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖ គម្រោងនេះ នឹងចាប់ផ្តើមដំណើរ ការ នៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្ម ប្រមាណ ៨០០ កន្លែងបន្ថែមទៀត។
គម្រោងថ្មីនេះ បានត្រូវបង្ហាញឱ្យដឹង ក្នុងជំនួបថ្មីៗ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រវាងលោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ គណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ជាមួយក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ន កម្មករ និយោជិតកម្ពុជា មួយចំនួន កំពុងទទួលការបណ្តុះ បណ្តាល នៅប្រទេសថៃ៕ V / N