ប្រែសម្រួលៈបំណង(CNA,VnExpress)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃចន្ទទី៧សីហានេះថា ថៃកំពុងទទួលផលពីបំរាមនាំចេញអង្ករសរបស់ឥណ្ឌា និងមិនមានហេតុផលត្រូវបញ្ឈប់ឬហាមប្រាមការនាំចេញគ្រាប់ធញ្ញជាតិនេះទៅបរទេសទេ។
លោករដ្ឋមន្ត្រី ជូរីន ឡាកសាណាវីស៊ីត(Jurin Laksanawisit )បានប្រាប់សន្និសីទកាសែតមួយថា រដ្ឋាភិបាលនឹងធានាទិន្នផលគ្រប់គ្រាន់ទាំងសំរាប់ការប្រើប្រាស់ក្នុងស្រុកនិងសំរាប់ការនាំចេញ និងធានាថាតំលៃអង្ករលក់ក្នុងស្រុកនឹងមិនឡើងខ្ពស់ពេកទេ។
សូមបញ្ជាក់ថា នៅប្រាំពីរខែដើមឆ្នាំ ថៃបាននាំចេញអង្ករ៤,៨លានតោន ដោយក្នុងមួយខែនាំចេញពី៧០០.០០០ទៅ៨០០.០០០តោន។
ថៃជាប្រទេសនាំចេញអង្ករធំបំផុតលំដាប់ទីពីរបន្ទាប់ពីឥណ្ឌា និងរំពឹងថានឹងនាំចេញអង្ករជាង៨លានតោននៅឆ្នាំនេះ ដោយកើនពីចំនួននាំចេញ៧,៧១លានតោនកាលពីឆ្នាំមុន។
ក្នុងពេលជាមួយគ្នា វៀតណាមបានអះអាងថា អង្ករបាក់របស់ខ្លួនឡើងថ្លៃខ្ពស់បំផុតជាថ្មី គឺកើនដល់៦៦០ដុល្លារក្នុងមួយតោន ដោយកើនជិត១២ភាគរយពីថ្លៃរបស់វាកាលពីមួយសប្តាហ៍មុន នៅពេលការផ្គត់ផ្គង់សកលកាន់តែធ្លាក់ចុះ។
ថ្លៃអង្ករបានកើនឡើងជាប់នៅឆ្នាំនេះ ដោយឡើងពីជាមធ្យម៤៥០ដុល្លារក្នុងមួយតោនមកដល់៥៩០ដុល្លារកាលពីពេលមុននៅក្នុងខែនេះ។ក្រុមហ៊ុនខ្លះឥឡូវលក់អង្ករប្រភេទនេះ៦២០-៦៦០ដុល្លារ។
ហេតុផលមួយដែលនាំអោយអង្ករឡើងថ្លៃគឺមកពីឥណ្ឌាផ្អាកនាំចេញអង្ករសដើម្បីទប់ការឡើងថ្លៃអង្ករនៅក្នុងស្រុក។
ឥណ្ឌាតំណាងអោយពាណិជ្ជកម្មអង្ករពិភពលោក៤០ភាគរយ។
វៀតណាមបាននាំចេញអង្ករប្រមាណ២,៥៨លានតោននៅប្រាំពីរខែដើមឆ្នាំនេះ ដោយកើន៣០ភាគរយធៀបនឹងការនាំចេញកាលពីឆ្នាំមុន។
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម វៀតណាមដាក់ចេញផែនការផលិតស្រូវជាង២០លានតោននៅឆ្នាំនេះ ដែលគ្រប់គ្រាន់សំរាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ៕
វៀតណាមគ្រោងផលិតស្រូវ២០លានតោននៅឆ្នាំនេះ