ដោយ:ពៅនិមល/ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៣នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានជិត ៥២ភាគរយ នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួន ៣៦២.៧០៨តោន ដែលគិតជាទឹកប្រាក់មានចំនួនសរុបជាង ២៥៣,៨៦លានដុល្លារ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យរស្មីកម្ពុជាដឹងថា ក្រុមហ៊ុននាំចេញអង្ករមានចំនួន ៥២ក្រុមហ៊ុន ដែលបាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥២ ក្នុងនោះ ប្រទេសចិននិងតំបន់ស្វយ័តបានចំនួន ១៤១.៩៥០តោន គិតជាទឹកប្រាក់បានចំនួន ៩០,២៧លានដុល្លារ, ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤១.៣៩៤តោន គិតជាទឹកប្រាក់ចំនួន ១០០,៣១លានដុល្លារ, ទៅកាន់ ៤ប្រទេសសមាជិអាស៊ានចំនួនជាង ៣០.១៧១តោន គិតជាទឹកប្រាក់ចំនួន ២០,៥៤លានដុល្លារ, ទៅកាន់ ២២ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ជាដើម បានចំនួន ៤៩.១៩៣តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២,៧៤លានដុល្លារ។ លោកបានបញ្ជាក់ថា ប្រភេទអង្ករនាំចេញ រួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២,២៩% អង្ករសគ្រាប់វែងចំនួន ១២,៦៣% អង្ករសគ្រាប់ខ្លីចំនួន ០,០២% អង្ករចំហ៊ុយ ៣,៣៦% និងអង្ករសរីរាង្គចំនួន ១,៧១%។ សូមជម្រាបជូនទៀតថា ដោយឡែក ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងមានចំនួន ២.៤៩៨.៥៨៦តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៦៣,៥១ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦០% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕/r