ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសារថ្លែងអំណរគុណចំពោះជនរួមជាតិគ្រប់មជ្ឈ ដ្ឋានដែលបានផ្ញើសារអបអរ សាទរចំពោះរូបខ្ញុំក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រ កម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
តាមរយៈបណ្តាញសង្គមតេឡេក្រាម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា«ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតា លោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា«ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គ ឧត្តមថ្លៃថ្លានេះក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយា បន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ»។
គួរជម្រាបជូនផងដែរថានៅព្រឹកថ្ងៃទី ៧ ខែ សីហា ២០២៣ នេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជាបានចេញព្រះរាជ ក្រឹត្យចាត់តាំងឯកឧត្ដ មបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៧ នៃរដ្ឋសភា ៕