ដោយៈបូកគោ / កំពតៈ ក្រុមយុវជន បានបង្ហាញពីការគាំទ្រ និងសាទរចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧។
ក្រុមយុវជនស្រុកទឹកឈូ បានរៀបរាប់ថាៈ ពួកខ្លួន សូមគាំទ្រ និងចូលរួមអបអរសាទរអស់ ពីសន្តានចិត្ត ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់ ចាត់តាំងជានាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ។ ពួកខ្លួនយល់ឃើញថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាយុវជនឆ្នើមរបស់កម្ពុជា ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការបន្តវេន ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍រីកចម្រើន និងល្បីរន្ទឺពាសពេញពិភពលោក។
ក្រុមយុវជនដដែល បានបញ្ជាក់ថា ការឡើងកាន់តំណែង របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាមោទកភាពមួយ សម្រាប់យុវជនជំនាន់ក្រោយ ហើយពួកខ្លួនជឿជាក់ថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត គឺយុវជនកាន់តែមានឱកាស និងអាទិភាព ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
ជាមួយនេះដែរ ក្រុមយុវជនខេត្តកំពត បានសំណូមពរដល់យុវជនទូទាំងប្រទេស ត្រូវខិតខំអភិវឌ្ឍសមត្ថភាព និងបន្តចូលរួមក្នុងសកម្មភាពសង្គម ដើម្បីបង្ហាញថា យុវជន ជាមានឆន្ទៈ មានសមត្ថភាព និងជាទំពាងស្នងឫស្សី ដូចលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាគំរូស្រាប់៕ V / N