ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកត់សម្គាល់ ថា ៥ប្រកួតនៃ League រដូវកាលថ្មី សប្ដាហ៍ដំបូង មានអ្នកទស្សនាចំនួន ១០.៦១២ នាក់។
ការប្រកួតដែលធ្វើនៅ ៥កីឡដ្ឋាន ចំនួន៥ផ្សេងគ្នានោះ ភ្នំពេញក្រោន ប្រកួតជាមួយ បឹងកេត មានអ្នកទស្សនាច្រើនជាងគេ ចំនួន ៥.០៧៨ នាក់។ វិសាខា ជួបគិរីវង់សុខសែន ជ័យ មានអ្នកទស្សនាផ្ទាល់ ១.៩៥៣ នាក់។ ISI ដង្កោសែនជ័យ ជួបអង្គរថាយហ្គឺរ អ្នកទស្សនាផ្ទាល់ ១.៦២៤ នាក់។ ព្រៃវែងអេហ្វស៊ីជួប ណាហ្គា អ្នកទស្សនាផ្ទាល់ ១.០២៦ នាក់ និង Tiffy Army ប្រកួតជាមួយព្រះខ័នរាជស្វាយរៀង អ្នកទស្សនា ផ្ទាល់ ៩៣១ នាក់ ។
កីឡាករ Cristian Santos របស់ណាហ្គា គឺជាកីឡាករ រកបានគ្រាប់បាល់លឿន ជាងគេ ដោយប្រើពេលត្រឹមតែ ៣នាទី និង១១វិនាទី ក្នុងជ័យជម្នះ ៥ទល់៤ លើក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី។
រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត គឺក្រុមអង្គរថាយហ្គឺរ គឺជាក្រុមដែលលេងនៅ League កំពូល ចាស់វស្សាហើយនោះ បែរជាចាញ់ក្រុមទើបឡើងមកពីលីគទី២ គឺក្រុម ISI ដង្កោសែនជ័យ ក្នុងចំណោមបេក្ខភាពលីគ រដូវកាលថ្មី ១០ក្រុម មាន ២ក្រុម ទើបឡើងមកពីលីគទី២ គឺ ISI ដង្កោសែនជ័យ និងព្រៃវែងអេហ្វស៊ី ប៉ុន្ដែអ្វីដែលគួរផ្អើល សម្រាប់ការប្រកួតបើកឆាក គឺក្រុមចាស់វស្សា អង្គរថាយហ្គឺរ បានបរាជ័យក្រោមថ្វីជើង ក្រុម ISI ដង្កោសែនជ័យ ០ទល់១។
កីឡាករដែលធ្វើបាន Hat-Trick មុនគេកីឡាករ Marcio របស់ណាហ្គា គឺជាកីឡាករ ដំបូងគេ ដែលរកបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) ក្នុងជ័យជម្នះ ៥ទល់៤ លើក្រុមម្ចាស់ផ្ទះព្រៃវែង៕ V / N